ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជាង៣០នាក់ ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដីនៅប្រទេសវៀតណាម
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨

វៀតណាម៖ តួលេខជនរងគ្រោះបាត់បង់ជីវិត នៅក្នុងគ្រោះមហន្តរាយទឹកជំនន់ និង បំណាក់ដីនៅតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម ដែលបង្កឡើងដោយសារតែ ភ្លៀងធ្លាក់ខ្លំាង ចាប់តំាងពីចុងសប្តាហ៍មុនមកនោះ បានបន្តកើនឡើងដល់២២នាក់ និង៩នាក់ផ្សេងទៀតបានបាត់ខ្លួន ។

ចំនួនមនុស្សស្លាប់នៅភាគខាងជើងប្រទេសវៀតណាមនេះ ត្រូវបានរាយការណ៍ និងកើនឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីពេលដើមសប្តាហ៍នេះមកម្ល៉េះ ក្នុងនោះ មនុស្ស១៥នាក់ផងដែរបានរងរបួស ខណៈការខាតបង់លើវិស័យសេដ្ឋកិច្ចជារួមវិញ ត្រូវបានរដ្ឋាភិបាលក្រុងហាណូយអះអាងថា ស្ថិតនៅក្នុងរង្វង់ជាង២០លានដុល្លារ អាមេរិក ។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារគ្រប់គ្រង និងចាត់ចែងពេលមានគ្រោះ មហន្តរាយរបស់វៀតណាម បានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត ទំាងអស់ខាងលើនេះ មនុស្សចំនួន១៦នាក់បានស្លាប់នៅក្នុងខេត្តឡៃចាវ និង៥នាក់នៅក្នុងខេត្តហាគាំង និងម្នាក់ទៀតនៅក្នុងខេត្តក្វាងនិញ ដោយពួកគេបានបាត់បង់ ជីវិត ដោយសារការរលំផ្ទះសង្កត់លើ និងលង់ទឹកជាដើម ។ ដោយឡែកអ្នកបាត់ខ្លួន ចំនួន៩នាក់ស្ថិតនៅក្នុងខេត្ត ឡៃ ចូ ដោយសារតែទឹកជំនន់មួយដ៏អាក្រក់បានកួច យកពួកគេទៅបាត់ ៕

អត្ថបទទាក់ទង