ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ជាង ៤ពាន់ ៤០០នាក់ នៅទីស្នាក់ការបក្សស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

កំពង់ស្ពឺ ៖ ឯកឧត្តម ឆាយ ថន ជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ឯកឧត្តម សួស គង់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកភ្នំស្រួច ព្រមទាំង ឯកឧត្តម អស់លោក ជាអនុប្រធាន និងសមាជិកក្រុមការងារជាច្រើនរូបទៀត កាលពីថ្ងៃ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន ៤ពាន់៤៤៦នាក់ ដែលអញ្ជើញមកពី ៥ឃុំ នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺគឺឃុំមហាសាំង,តាំងស្យា,គីរីវ័ន្ត,អូរនិងឃុំព្រៃរំដួលនៅទីស្នាក់ការបក្សស្រុកភ្នំស្រួច។
បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ ពេជ្រ ចន្ថា ប្រធានគណបក្សស្រុកភ្នំស្រួច  រួចមក  ឯកឧត្តម ឆាយ ថន បានពាំនាំ នូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្មួយៗ ចៅៗ កម្មករ កម្មការិនី នៅទីនេះ ដោយក្តីនឹករលឹកជាទីបំផុតពីចម្ងាយ។
ឯកឧត្តម បានសំដែងនូវការកោតសរសើរបំផុតចំពោះ ក្មួយៗ ចៅៗ ទាំងអស់ដែលមានភ័ព្វសំណាង បានកើតក្នុងសម័យ តេជោ សែន គឺបានឃើញតែសុខសន្តិភាព និងភាពរីកចម្រើន មានឱកាសគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ហើយពេលបញ្ចប់ការសិក្សា គឺអាចស្វែងរកការងារធ្វើស្របទៅតាមជំនាញបច្ចេកទេស ដែលខ្លួនចេះ ចូលទៅបម្រើការងារនៅតាមរោងចក្រ សហគ្រាស ទទួលបានប្រាក់បៀវត្សរ៍សមរម្យ គឺខុសពីសម័យមុន ដែលប្រជាពលរដ្ឋ និងយុវជនយុវតីកម្ពុជា មិនមានឱកាសបែបនេះទេ ។ ឯកឧត្តម ឆាយ ថន បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះកម្មករ កម្មការិនី ជាពិសេស ការគាំពារសំណាញ់សុវត្ថិភាពសង្គម ដូចជា ការដំឡើងប្រាក់ខែគោលគួបផ្សំនឹងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនជារៀងរាល់ឆ្នាំ ប្រាក់ចូលនិវត្តន៍ របស់កម្មករ កម្មការិនីដូចមន្ត្រីរាជការដែរ ជាដើម ។ ឯកឧត្តម បានគូសបញ្ជាក់ថា សមិទ្ធផលទាំងអស់ រួមនិងសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដែលយើងមានសព្វថ្ងៃនេះ គឺប្រសូត្រចេញពីនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនាំមកនូវ សុខសន្តិភាព ជូនប្រទេសជាតិ ។ ហេតុនេះ សន្តិភាព គឺជាកត្តាគន្លឹះ ដែលយើងត្រូវរួមដៃគ្នាការពារឲ្យបានស្ថិតស្ថេរគង់វង្ស ។ 
ឯកឧត្តម ឆាយ ថន បានអំពាវនាវឲ្យកម្មករ កម្មការិនី អញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា  ។
ឯកឧត្តម គណៈអធិបតី ក៏បានអញ្ជើញចែកវត្ថុអនុស្សាវរីយ៍ ជូនដល់កម្មការិនី ដែលមានផ្ទៃពោះ ១០៩នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា ០១ និងថវិកាចំនួន ៣ម៉ឺនរៀន និងកម្មករ កម្មការិនីផ្សេងៗទៀត ម្នាក់ៗ ទទួលបានក្រម៉ា ០១ ៕

អត្ថបទទាក់ទង