យុវជនជាកម្លាំងបន្តវេន និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ
ថ្ងៃ ច័ន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៨

កណ្តាល ៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាយុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានថ្លែងថា យុវជន គឺជាកំលាំងមុតស្រូច ក្នុងការចូលរួមសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ ដូច្នេះក្នុងឱកាសបោះឆ្នោតខាងមុខនេះ យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមឲ្យបានសកម្ម ការណែនាំដល់ប្រជាពលរដ្ឋ និងការជម្រុញលើកទឹកចិត្តផ្សេងៗ ដើម្បីឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្តមបានថ្លែងលើកឡើងបែបនេះ ខណៈអញ្ជើញធ្វើបទបង្ហាញ អំពីស្ថានការណ៍នយោបាយ និងតួនាទីរបស់យុវជន គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចដំណើរការ នៃការបោះឆ្នោត នៅស្នាក់ការគណបក្សស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ។ ឯកឧត្តម ជាប ដាវុធ បានបន្តថា ពាក់ព័ន្ធស្ថានភាពនយោបាយនាពេលប៉ុន្មានអាណត្តិមកនេះ កម្ពុជាបានផ្តល់សុខសន្តិភាព ពេញផ្ទៃប្រទេស ក្នុងនោះប្រជាពលរដ្ឋទទួលសិទ្ធក្នុងការរស់នៅប្រកបដោយសុខសាន្ត ដែលស្ថិតនៅក្រោមដំបូលឆ័ត្រនាំការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ។ ចំណែកទាក់ទិននិងស្ថានភាព សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំ កំពុងមានការអភិវឌ្ឍន៍ ដោយរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ និងបន្តកំណែទម្រង់ឆ្ពោះទៅរកចក្ខុវិស័យថ្មី ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។
ឯកឧត្តម បន្តថា សមិទ្ធផលទាំងអស់ដែលបានកើតឡើងក្នុងពេលកន្លងមក ក៏ដូចនៅពេលអនាគត ប្រទេសជាតិ ពិតជាមិនអាចខ្វះបាន ពីការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលរាជរដ្ឋាភិបាលចាត់ទុកជាកំលាំងមុតស្រូច ក្នុងការចូលរួមសកម្មភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ដូច្នេះក្នុងឱកាសបោះឆ្នោតខាងមុខនេះ យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបង្កើនការចូលរួមឲ្យបានសកម្ម ការណែនាំដល់ប្រជាពលរដ្ឋ និងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត រួមជាមួយការជម្រុញលើកទឹកចិត្តតាមរូបភាពផ្សេងៗទៀត ដើម្បីឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម កើត រិទ្ធិ អនុប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកកិច្ចការច្បាប់ បានលើកឡើងថា ចាប់តំាងពីការបោះឆ្នោតឆ្នាំ១៩៩៣ សេរីពហុបក្សមក មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ បានរៀបចំផែនការ គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ គឺការស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍ ពោលគឺផ្ទុយពីគណបក្សសង្រ្គោះជាតិ ដែលបានអនុវត្តផែនការដោយឃុបឃិតគ្នាជាសម្ងាត់ជាមួយបរទេស ក្នុងការផ្តួលរំលំ រដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ក្រោមទម្រង់នៃបដិវត្តពណ៌ គឺការដើរតាមគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែរប៊ី ក៏ដូចជា បណ្តាប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា។
ឯកឧត្តម បន្តថា ពាក់ព័ន្ធបញ្ហានេះ តុលាការកំពូលសម្រេចទទួលស្គាល់បណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់បុគ្គលក្នុងគណបក្សសង្គ្រោះជាតិ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសសាលដីកា ដោយបិទផ្លូវតវ៉ាផងដែរ ។ ដូច្នេះទង្វើទុចរិតនេះ ប្រជាពលរដ្ឋនឹងយល់ច្បាស់ថា ការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ គឺជាវិធានការត្រឹមត្រូវដើម្បីបញ្ចៀសការបង្ហូរឈាមគ្នាទៅវិញទៅមក៕

អត្ថបទទាក់ទង