រថយន្តហាយឡិនឌឺមួយគ្រឿងត្រូវភ្លើងឆេះខ្ទេចសង្ស័យឆ្លងចរន្ត
ថ្ងៃ អាទិត្យ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨

បន្ទាយមានជ័យៈ រថយន្តហាយឡិនឌឺមួយគ្រឿងត្រូវភ្លើងលេបត្របាក់អស់ទាំងស្រុងគ្រាដែលកំពុងបើកបររួចបត់ចូលចាក់សាំង  បង្ករអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនឹងម្ចាស់ការ៉ាស់ ព្រលឹងសក់។ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ ក្នុងបរិវេណការ៉ាស់សាំងនិងហ្គាសក្បែរកំណាត់ផ្លូវជាតិលេខ០៥ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
    លោក សេស វិបុល អធិការនៃអធិការស្រុកអូរជ្រៅបានអោយដឹងថា រថយន្តដែលរងការឆេះជាប្រភេទរថយន្តហាយឡិនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ2AK-6805  ជិះជាលក្ខណៈគ្រួសារ។រថយន្តនោះបើកបរដោយឈ្មោះ បឿយ បៀ ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
យោងតាមសម្តីម្ចាស់រថយន្តបានអោយដឹងថារថយន្តរបស់គាត់បំពាក់ប្រពន្ធ័ហ្គាស។ គាត់និងក្រុមគ្រួសារមានបំណងទៅលេងក្រុងប៉ោយប៉ែតលុះជិះដល់ពាក់កណ្តាលផ្លូវក៏ឃើញការ៉ាស់សាំងនិងហ្គាសក៏បត់ចូលក្នុងបំណងបញ្ចូលហ្គាស ដឹងអីបត់ចូលជិតដល់ហើយស្រាប់តែមានអណ្តាតភ្លើងឆាបឆេះឡើងធ្វើអោយពួកគាត់បើកទ្វារចេញស្ទើរតែមិនទាន់។
     ក្រោយមានហេតុការណ៍ឆេះស្នងការដ្ឋាននគរបាលខេត្តក៏បានបញ្ចេញរថយន្តសង្គ្រោះ ចំនួនពីរគ្រឿងដើម្បីជួយបាញ់ពន្លត់ ។
     លោក សេស វិបុល បានបញ្ជាក់ផងដែរថា ហេតុការណ៍ឆេះនេះវាពិតជាសំណាងសម្រាប់ម្ចាស់ការ៉ាស់ដែលរថយន្តអត់ទាន់ចូលដល់ក្នុងការ៉ាស់ក៏ឆេះ កុំអីការខាតបង់នឹងធ្ងន់ធ្ងរជាងនេះ  មួយវិញក៏សំណាងណាស់ដែរដែល
មិនមាននរណាម្នាក់រងរបួស។
    សមត្ថកិច្ចបានអះអាងថា រថយន្តឆេះអាចបណ្តាលមកពីការតប្រពន្ធ័ហ្គាសមិនមានស្តង់ដារត្រឹមត្រូវ ទើបបង្កអោយមានហានិភ័យដ៏ធំយ៉ាងនេះសម្រាប់គ្រួសារអ្នកអូរអំបិលម្នាក់នេះ។ដូច្នេះសូមអ្នកប្រើប្រាស់រថយន្តបំពាក់ប្រពន្ធ័ហ្គាសត្រូវបង្កើនការប្រុងប្រយ័ត្ននិងឧស្សាហ៍ឆែកមើល។

អត្ថបទទាក់ទង