លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់សមាជិកសមាជិកាគណបក្សត្រូវត្រៀមខ្លួនទៅបោះឆ្នោតអោយបានគ្រប់គ្នាដើម្បីគាំទ្របេក្ខភាពសម្តេចតេហ៊ុនសែនជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦
ថ្ងៃ អាទិត្យ ទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨

(ស្វាយរៀង)៖លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្វាយរៀងបានធ្វើការអំពាវនាវដល់សមាជិកសមាជិការត្រូវត្រៀមខ្លួនទៅបោះឆ្នោតអោយបានគ្រប់គ្នាដើម្បីគាំទ្របេក្ខភាពសម្តេចតេហ៊ុនសែនជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦និងអាណត្តិជាបន្តបន្ទាប់ទៀត។

ការអំពាវនាវបែបនេះខណះដែលលោកស្រីបានអញ្ជើញជាអធិបតីក្នុងពិធិបិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ច ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដំណាក់កាលទី ៦ លើកទី ១៥-១៦-១៧ និងទិសដៅភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តដំណាក់កាលទី ៦ លើកទី ១៨ នៅព្រឹកថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ដែលមានសមាជិកបក្សចូលរួមជិត១០០០នាក់។

 លោកស្រីកិត្តិសង្គហបណ្ឌិតក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារគ្រប់ផ្នែក រួមជាមួយថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ដែលបានយកចិត្តទុកដាក់សហការបំពេញភារកិច្ចសម្រេច បានជោគជ័យជាបន្ដបន្ទាប់ ជាពិសេស លទ្ធផល នៃការរក្សា សន្ដិសុខ ស្ថេរភាពនយោបាយ មុនពេល និងក្រោយពេលគណបក្ស សង្គ្រោះជាតិត្រូវរំលាយ និងលទ្ធផលនៃការចាត់តាំងអនុវត្តផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៤ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងលទ្ធផលនៃការចាត់តាំងអនុវត្តសេចក្ដីសម្រេចស្ដីពីផែនការរួមឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ។

លោកស្រីបានបន្តទៀតថា ក្នុងនាមជា សមាជិក សមាជិកា របស់គណបក្សប្រជាជនកម្ពុជាត្រូវត្រៀមខ្លួនគ្រប់បែបយ៉ាង និងពង្រឹងនូវសមត្ថភាពរបស់ សមាជិកប្ស និងត្រៀមខ្លួនសម្រាប់ចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តមកដល់ក្នុង ពេលខាងមុខ និងត្រូវចូលរួមក្នុងការបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕

អត្ថបទទាក់ទង