លោកជំទាវកិត្តិសង្គសហបណ្ឌិតម៉ែន សំអន ជម្រុញអោយប្រជាពលរដ្ឋចូលរួមបោះឆ្នោតថ្ងៃទី២៩កក្កដាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

(ស្វាយរៀង)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា ជាបេក្ខជនឈរឈ្មោះអ្នកតំណាងរាស្ត្រពេញសិទ្ធិមណ្ឌលស្វាយរៀងអាណត្តិទី៦បានជម្រុញអោយប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខនេះកុំបីខានដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋល្អនិងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។



លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះខណៈអញ្ជើញចូលរួមបុណ្យផ្កាសាមគ្គីប្រមូលបច្ច័យសម្រាប់កសាងស្ពានឆ្លងកាត់ប្រឡាយកូនភ្លោះស្ថិតក្នុងភូមិចំបក់ថ្លឹងឃុំគោកព្រីងស្រុកស្វាយជ្រំខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង៤០០នាក់ផងដែរ។ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្លឹងនេះមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ឆ្លងទៅឆ្លងមកទើបមានកាយកចិត្តទុកដាក់ពីលោកស្រីសុខវិឡាយប្រធានក្រុមការងារចុះជួយឃុំគោកព្រីងផ្តួចផ្តើមកសាងនិងធ្វើពិធីបុណ្យផ្កាដើម្បីប្រមូលបច្ច័យកសាងស្ពាននេះឡើង។



លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ទាំងមូលផងដែរ។



 លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានថ្លែងបន្តថា ក្នុងរយៈពេល ៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខ សូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ  ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។ លោកជំទាវក៏បានលើកឡើងផងដែរ នូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលបាយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍន៍មូលដ្ឋានតែម្ដង។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើរជូនដល់សមាជិកសមាជិការបក្សទាំងអស់ត្រូវអនុវត្តន៍ខ្លឹមសារដូចជា

១. មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និងបាតុកម្មផងនៅក្នុងរោងចក្រ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅក្នុងមូលដ្ឋាន។

២. ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ថែរក្សស្ថេរភាពនយោបាយ ថែក្សាការពារនូវសមិទ្ធិផលដែលបាន ពីការខិតខំរបស់រាជរដ្ឋភិបាល ហើយនិងត្រូវខិតខំដោះស្រាយនូវការលំបាក និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

៣. ត្រូវចលនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ដូចជាបងប្អូននៅក្នុងក្រុមគ្រួសារឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជាដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍របស់ប្រទេសជាតិយើង។សូមបញ្ជាក់ថាបច្ច័យបានពីបុណ្យផ្កាសាមគ្គីនេះរួមទាំងលោកជំទាវម៉ែនសំអននិងក្រុមការងារប្រជាពលរដ្ឋបានជាង៤០លានរៀលដើម្បីកសាងស្ពាននេះផងដែរ៕

អត្ថបទទាក់ទង