គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រ

តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំរួចហើយថា បើទោះបីយើង បាន​ចេញ​ដំណើរ ពីឆ្នាំ១៩៧៩ ដោយបាតដៃទទេ និងឆ្លងកាត់ឧបសគ្គជាច្រើន ស្ទើររាប់មិនអស់ ក្នុងការ ស្វែងរក​សុខ​សន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ យ៉ាងណាក៏ដោយ ក៏យើងត្រូវតែបន្តខិតខំ​ប្រឹងប្រែង​ជម្នះរាល់ឧបសគ្គ ដោយមិនរាថយ ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើន ទាំងក្នុង​​វិស័យ​អាណាចក្រ និងពុទ្ធចក្រ រហូតមានកិត្យានុភាព លេចធ្លោនៅលើឆាក អន្តរជាតិដ៏គួរជាទី​មោទនៈ ។

នេះជាការគូសបញ្ជាក់ជាថ្មី របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងពិធី​បុណ្យ​ឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្តបឹងជ្រោង  ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ មិថុនានេះ ដោយក្នុងពិធីនេះ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះគ្រូចៅអធិការគ្រប់ជំនាន់ ពុទ្ធបរិស័ទ និងសប្បុរជនជិតឆ្ងាយ ដែលបានរួមសាមគ្គីគ្នា យ៉ាងសស្រាក់សស្រាំ កសាងសមិទ្ធផល​សំខាន់ៗ ដ៏ច្រើនក្នុងទីអារាមនេះ ។

សម្តេចប្រធានរដ្ឋសភា បានបន្ថែមថា បច្ចុប្បន្ននេះ វិស័យពុទ្ធចក្រ មានការរីកចម្រើនយ៉ាងខ្លាំង យើង​មាន​វត្តអារាម នៅទូទាំងប្រទេស ជាង៤ពាន់វត្ត ហើយមានព្រះសង្ឃជាង ៥ម៉ឺនអង្គ ។ ជាមួយគ្នានេះ ដែរ ព្រះវិហារឥស្លាម គ្រឹស្តសាសនា និងសាសនាដទៃទៀត ក៏បានកើតឡើងព្រោងព្រាត ជាបន្តបន្ទាប់ ហើយអ្វី​ដែល​​សំខាន់​ជាងនេះទៀត គឺការធ្វើសុខដុមនីយកម្មសាសនា នៅទូទាំងប្រទេសរបស់យើង ដោយសន្តិភាព មិនមាន​ជម្លោះទាស់ទែងគ្នា រវាងសាសនាមួយ និងសាសនាមួយទៀតឡើយ ។ យើងតែងបានចាត់ទុកថា ទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈ សម្រាប់គោរពបូជា តាមផ្លូវជំនឿសាសនា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា​ថ្នាល​បណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់សាមគ្គី គ្នាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រទៀតផង ។ ក្នុងន័យនេះ វត្តអារាម គឺជាជម្រកដ៏មានសុវត្ថិភាព និងប្រកបដោយភាព​សុខសាន្ត​បំផុត សម្រាប់លោកយាយ លោកតា និងចៅៗសិស្សានុសិស្ស មកស្នាក់នៅ រៀនសូត្រ ទាំងផ្លូវលោក និងផ្លូវធម៌ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជិត៤០ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា បានផ្ដល់​ឱកាស​យ៉ាងពេញលេញ ឱ្យប្រជាជនកម្ពុជា គោរពជំនឿសាសនាឡើងវិញ ទៅតាមអ្វីដែលជាចំណង់ចំណូល​ចិត្ត របស់ប្រជាជន ។ យើងកំពុងអនុវត្តយ៉ាងត្រឹមត្រូវ តាមបាវចនា គឺ «ជាតិ សាសនា ព្រះមហាក្សត្រ»។ ក្នុងន័យនេះ យើងតែងលើកតម្លៃព្រះសង្ឃ ដែលជាស្រែបុណ្យ និងជាបុគ្គល ដែលយើងជាពុទ្ធបរិស័ទ ត្រូវតែ​គោរព និងប្រណិបត្តិ ។

សម្តេចពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា ផ្នែកពុទ្ធចក្រ និងអាណាចក្រ ពិតជាបានរួម ចំណែក និងមានចំណងទាក់ទងគ្នាបេះមិនដាច់ឡើយ។ ក្នុងន័យនេះ ប្រសិនបើប្រទេសជាតិមានអស្ថិរភាពហើយនោះ គឺពុទ្ធចក្រ ក៏មិនអាចមានជីវិតរស់រាន និងរីកចម្រើនបានឡើយ ។ ដូច្នេះ សម្តេចនៅតែ ទទូចសូមឱ្យព្រះសង្ឃ​គ្រប់​ព្រះអង្គ លោកយាយ លោកតា ព្រមទំាងបងប្អូនជនរួមជាតិ របស់យើងទំាងអស់ គឺត្រូវតែការពារឱ្យបាន​នូវសុខ​សន្ដិភាព និងពង្រឹងសាមគ្គីភាពជាតិ ដើម្បីប្រជាជាតិខ្មែរខ្លាំង និងរួមគ្នា អភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅ​រក​វឌ្ឍនភាពរីកចម្រើនបន្តទៀត ។

សូមជម្រាបជូនថា ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរីមានជ័យ ហៅវត្ត​បឹងជ្រោង  ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំដោយឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈទីប្រឹក្សាផ្ទាល់សម្តេច ប្រធានរដ្ឋសភា មួយ ក្រុមធ្វើការពិនិត្យ និងផ្តល់ថ្នាំសង្កូវ ព្យាបាលជម្ងឺផ្សេងៗ ដល់បងប្អូនប្រជាជនក្នុងមូល ដ្ឋាននេះដោយឥតគិត​ថ្លៃ​​ផងដែរ ៕

អត្ថបទទាក់ទង