ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀងចុះពិនិត្យជម្ងឺជូនប្រជាពលរដ្ឋនៅឃុំឈើទាលដោយឥតបង់ថ្លៃ
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

ស្វាយរៀង៖ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅភូមិរំដេញ ភូមិត្រោក ភូមិចំបក់ និងភូមិនារាទេន នៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ។ ការពិនិត្យនេះបានធ្វើឡើងនៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨ដោយមានប្រជាពលរដ្ឋមកព្យាបាលសរុប 336នាក់ ស្រី 206នាក់។លោកវេជ្ជបណ្ឌិតកែ រដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តបានអោយដឹងថាប្រជាពលរដ្ឋដែលមកពិនិត្យជម្ងឺ រួមមាន ៖

-ជំងឺទូទៅ 209នាក់ (កុមារ 38នាក់)
-ជំងឺរោគស្រ្តី 34នាក់
-ជំងឺភ្នែក 62នាក់
-ជំងឺមាត់ធ្មេញ 26នាក់
-ជំងឺចិត្តសាស្ត្រ 5នាក់
-វះកាត់តូច 7នាក់
-ឆ្លុះអេកូ 26ករណី
-ថតវិទ្យុសាស្ត្រ 10ករណី
-ពិនិត្យឈាម 12ករណី
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា ៖នៅក្នុងឃុំឈើទាលនេះ មាន 12ភូមិ មានប្រជាពលរដ្ឋជាងមួយមឺននាក់ ។ ក្នុងការពិនិត្យព្យាបាលនេះ ចែកចេញជា 3វគ្គ មួយវគ្គៗមាន 4ភូមិ ប្រើប្រាស់បុគ្គលិកពេទ្យ 32នាក់ រថយន្តគ្លីនិកចល័ត 1គ្រឿង ដែលជាជំនួយពីប្រទេសចិន និងរថយន្តសង្គ្រោះ 1គ្រឿង ដែលជាអំណោយរបស់ជំទាវស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហើយនិងឱសថផ្តល់ជូនពីក្រសួងសុខាភិបាល ។
ការចុះពិនិត្យ ព្យាបាលជំងឺ របស់ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តស្វាយរៀង នេះ មិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជារួមគឺសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក ដោយសារក្រុមគ្រូពេទ្យចុះទៅពិនិត្យព្យាបាលជំងឺដល់មូលដ្ឋានរបស់ពួកគាត់ផ្ទាល់ ដែលធ្វើឲ្យពួកគាត់ចំណេញទាំងពេលវេលា និងមិនចំណាយប្រាក់កាស។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបន្ថែមទៀតថា ៖
បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ អាស្រ័យហេតុនេះហើយ បានជាឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្កើតនូវមន្ទីរពេទ្យ និងមណ្ឌលសុខភាពថ្មីៗបន្ថែមទៀត ដើម្បីឲ្យកាន់តែគៀកនឹងប្រជាពលរដ្ឋ និងកម្មកររោងចក្រ ឯកឧត្តមបានផ្តល់ឱសថ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យទំនើបៗ ដល់មន្ទីរពេទ្យទាំងអស់ សម្រាប់ផ្តល់សេវាប្រកបដោយប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ៕

អត្ថបទទាក់ទង