អតីតយុទ្ធជននៅខេត្តប៉ៃលិន៣៩៩នាក់ទទួលបានអំណោយពីសប្បុរសជននិងសាកសួរសុខទុក្ខពីអភិបាលខេត្តប៉ៃលិន
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

ប៉ៃលិន៖អតីតយុទ្ធកម្ពុជានៅខេត្តប៉ៃលិនចំនួន៣៩៩នាក់ទទួលបានអំណោយពីសប្បុរសជនមកពីក្រុមហ៊ុន Pailin Flamingo ដើម្បីដោះស្រាយជីវភាពនិងសម្រួលការលំបាកនិងមានការសំណេះសំណាលសាកសួរសុខទុក្ខពីអភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ថុល នៅ ព្រឹកថ្ងៃសុក្រទី១៥ ខែមិថុនា ឆ្នាំ២០១៨។
អភិបាលខេត្តប៉ៃលិន លោក ផាន់ ចាន់ថុល បានមានប្រសាសន៍ឱ្យដឹងថា៖ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសរីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះដោយសារការរួមចំណែកធ្វើពលីកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានចំពោះ​យុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិ​ដើម្បីបុព្វហេតុជាតិ​មាតុភូមិ និងប្រជាជននៅ​គ្រប់ដំណាក់កាល ។លោកអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា៖ ប្រទេសកម្ពុជា​បានឆ្លងកាត់​នូវ​សង្គ្រាម ជាច្រើនទសវត្សនិងរបបប្រល័យពូជសាសន៍ដែលបានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ព្រមទាំងបានបន្សល់ទុក​នូវអតីតយុទ្ធជន ដែលជាជនពិការ និវត្តន៍​ជន ជនបាត់បង់សមត្ថភាពការងារ និង​គ្រួសារ​​យុទ្ធជនពលី មរណៈជាច្រើន ហើយចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចជាកាលបានគិត​គូ​ដល់​សុខ​​ទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍមូលដ្ឋាន សម្ភារៈ ជីវភាព ការចុះសួរសុខទុក្ខដល់អង្គភាព ។ ដោយឡែក​ចំពោះអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការឧបត្ថម្ភគាំទ្រជាច្រើន និងបាន​កសាងផ្ទះជូនអតីតយុទ្ធជនក្រីក្រ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជាបានរាប់រយខ្នងនៅតាមសហគមន៍ និងផ្តល់​អំណោយសប្បុរសធម៌​ដល់អតីតយុទ្ធជនជាច្រើនទៀត ។ ទន្ទឹមនឹងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា ក៏​ដូចជា​​អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនានា បានផ្តល់អាទិភាពដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួលបាន​នូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ និងបាន ដោះស្រាយបញ្ហាទាំងនោះ​ជា​បន្ត​បន្ទាប់ ដោយបន្តពង្រឹង និងពង្រីកសេវាបណ្តុះបណ្តាលជំនាញ និងឥទានជាដើម ដើម្បីឲ្យបងប្អូនអតីត​យុទ្ធជន​ទទួលបាននូវសមត្ថភាព និងលទ្ធភាព ដើម្បីអភិវឌ្ឍន៍ជីវភាពគ្រួសារឲ្យ​កាន់តែប្រសើរឡើង​។ ក្នុងឱកាសនោះលោកអភិបាលខេត្តប៉ៃលិន ផាន់ ចាន់ថុល ក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវនាំគ្នាចេញទៅបោះឆ្នោតសកលជ្រើសតាំងតំណាងរាស្រ្ត រដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋ ដែលមានសិទ្ធិចូលរួមបោះឆ្នោតតំណាងថ្នាក់នាំរបស់ខ្លួន កសាងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន។
         សូមបញ្ជាក់ថា៖ តាមរយៈអភិបាលខេត្តប៉ៃលិន ផាន់ ចាន់ធុល អគ្គនាយកក្រុមហ៊ុន Pailin Flamingo បានឧបត្ថម្ភ ដល់អតីត​យុទ្ធជន ចំនួន ៣៩៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានឃីត ១កញ្ចប់ មាន អង្ករ ទឹកត្រី ទឹកសុទ្ធ មី ត្រីខ ស្ករស ថ្នាំដុសធ្មេញ អំបិល និងថវិការ ចំនួន ២ម៉ឺនរៀល៕

អត្ថបទទាក់ទង