ទិវាយោគៈអន្តរជាតិលើកទី៤ (4th International Day of YOGA) ត្រូវបានរៀបចំឡើង ព្រមគ្នាចំនួន២កន្លែង គឺនៅរាជធានីភ្នំពេញ
ថ្ងៃ សៅរ៏ ទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨

(ភ្នំពេញ)៖ ទិវាយោគៈអន្តរជាតិលើកទី៤ (4th International Day of YOGA) ត្រូវបានរៀបចំឡើង ព្រមគ្នាចំនួន២កន្លែង គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែមិថុនានេះ ក្រោម វត្តមានលោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម សូ វិសុទ្ធី អនុរដ្ឋលេខាធិ ការក្រសួងទេសចរណ៍ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ហើយអ្វីដែលគួរអោយកត់សម្គាល់ នោះ ឃើញថា ទិវាយោគៈអន្តរជាតិលើកទី៤ នៅរាជធានីភ្នំពេញឆ្នំាំនេះ ទទួលបានការចូលរួមយ៉ាង ច្រើនកុះករពីប្រជាពលរដ្ឋ ព្រមទំាងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
លោកជំទាវ ម៉ានីកា ជេន បានឱ្យដឹងថា ទិវាយោគៈអន្តរជាតិ ត្រូវបានអង្គការសហប្រជាជាតិកំណត់ យកថ្ងៃទី២១ ខែមិថុនា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្តាប្រទេសជាច្រើននៅលើពិភព លោក ដើម្បីផ្សព្វផ្សាយអំពីវិធីហាត់សមាធិទាំងផ្លូវកាយ ផ្លូវចិត្ត សម្រួលចលនាសាច់ដុំ និងចង្វាក់ សរសៃ ឈាមអោយរត់ស្រួលសម្រាប់សុខភាពរាងកាយរបស់មនុស្ស ។ លោកជំទាវបន្តថា យោគៈ មានដើមកំណើតនៅភាគខាងជើងប្រទេសឥណ្ឌា តាំងពី៥ពាន់ឆ្នាំមុនមកម៉្លេះ ដែលត្រូវបានកែច្នៃ និង អភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់ ។
ឯកឧត្តម សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា ទិវាយោគៈអន្តរជាតិនេះ ក៏ជាព្រឹត្តិ ការណ៍កីឡាទេសចរណ៍ (Sport Tourism) មួយផងដែរ ដែលបានរួមចំណែកទាក់ទាញ និងផ្សព្វ ផ្សាយដល់ទេសចររាប់លាននាក់ និងចំណូលជាង៦០០ពាន់លានដុល្លារអាមេរិក សម្រាប់ពិភពលោក ក្នុងមួយឆ្នាំៗ ។ ឯកឧត្តមបន្តថា ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ជាច្រើន និងបានជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទៅភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំង ពិភពលោក ដើម្បីបានស្គាល់កម្ពុជាកាន់តែច្បាស់ ពិសេសនៅពេលថ្មីៗនេះ ប្រាសាទអង្គរវត្តកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ ពីទីភ្នាក់ងារប្រឹក្សាយោបល់ទេសចរណ៍ពិភពលោក Trip Advisor ជា សំណង់ប្រវត្តិសាស្រ្តដ៏អស្ចារ្យបំផុតលើលោកសម្រាប់ឆ្នាំ២០១៨ ដែលកំពុងជួយលើកមុខមាត់ ប្រទេសកម្ពុជានៅលើឆាកអន្តរជាតិផងដែរ ។
ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមទៀតថា ការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាទទួលបានផលចំណេញ ច្រើនលើផ្នែកផ្សព្វផ្សាយទាំងក្នុងស្រុក និងអន្តរជាតិដោយមិនចាំបាច់ចំណាយថវិកាច្រើន ពិសេស ទីផ្សារឥណ្ឌាជាទីផ្សារធំមួយសម្រាប់កម្ពុជា ។ តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ កម្ពុជានឹងទទួលបាន ភ្ញៀវទេសចរណ៍អន្តរជាតិជាង៦លាននាក់នៅឆ្នាំ២០១៨ និងប្រមាណជាង៧លាននាក់នៅឆ្នាំ២០២០ ខាងមុខនេះ ។ បន្ទាប់ពីសន្ទរកថាស្វាគមន៍របស់លោកជំទាវឯកអគ្គរដ្ឋទូត សន្ទរកថារបស់ឯកឧត្តម អនុរដ្ឋលេខាធិការ និងការថ្លែងស្វាគមន៍ពីតំណាងក្រសួងអប់រំរួចមក លំហាត់យោគៈត្រូវបានចាប់ផ្ដើម ឡើងជាមួយទិដ្ឋភាពដ៏ឱឡារឹកនៅលើពហុកីឡដ្ឋានជាតិអូឡាំពិក ។ សូមជម្រាបថា បន្ទាប់ពីការរៀបចំ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ទិវាយោគៈអន្តរជាតិលើកទី៤នេះ នឹងត្រូវប្រារព្ធឡើងនៅខេត្ត សៀមរាប-អង្គរ និងខេត្តបាត់ដំបងទៀតផងដែរ នៅថ្ងៃទី១៧ ខែមិថុនា ស្អែកនេះ ៕

អត្ថបទទាក់ទង