ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញអន្តរជាតិ លើកទី៨ មានអ្នកចុះឈ្មោះរត់ជាង៣០០០នាក់
ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨

ព្រឹត្តិការណ៍កីឡារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ លើកទី៨ ឆ្នាំ២០១៨នឹងត្រូវប្រារព្ធធ្វើឡើង នាថ្ងៃទី១៧ ខែមិថុនា នៅមុខព្រះបរមរាជវាំង ដោយមានកីឡាករ កីឡាការិនី ចូលរួមបានកើនឡើងជាងឆ្នាំមុន ដោយមានចំនួនជាង៣០០០នាក់ ។

  ថ្លែងនៅក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកថ្ងៃអង្គារ៍នេះ នៅទីស្នាក់ការរបស់ខ្លួន, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជាមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមានវិញ្ញាសារត់ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ចម្ងាយ២១គីឡូម៉ែត្រ ដែលអ្នកចូលរួមរត់ត្រូវបង់ថ្លៃចំនួន ៤០ដុល្លារ សម្រាប់ ជនបរទេស និងខ្មែរ ១៥ដុល្លារ, ១០គីឡូម៉ែត្រ ត្រូវបង់៣០ដុល្លារ សម្រាប់ជនបរទេស និងខ្មែរ ១០ដុល្លារ និង រត់កម្សាន្ត ៣គីឡូម៉ែត្រ ត្រូវបង់ថ្លៃចំនួន១០ ដុល្លារសម្រាប់ជនបរទេស និង ៥ដុល្លារសម្រាប់ជនជាតិខ្មែរ ។

  អគ្គលេខាធិការរូបនេះបន្ថែមថា ព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិបែបសប្បុរសធម៌នេះធ្វើឡើង ក្នុងគោលបំណងសំខាន់បំផុត គឺដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព និងសេចក្តីថ្លៃថ្នូ, រត់ដើម្បីទីក្រុងស្អាត និងបៃតង, ប្រមូលថវិកាសប្បុរសធម៌ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ជា និងធ្វើឲ្យរាជធានីភ្នំពេញជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ។ ឯ ឧ បន្តថា ឆ្នាំនេះប្លែកពីឆ្នាំមុនៗ ដោយអ្នកនិយមរត់៣គីឡូម៉ែត្រកន្លងមក បានចូលរួមរត់លើវិញ្ញាសា១០គីឡូម៉ែត្រ ដែលបានបង្ហាញឲ្យឃើញពីភាពរីកចម្រើន និងសុខមាលភាពដ៏ល្អប្រសើររបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្វើឲ្យកំណើនអ្នករត់ចម្ងាយឆ្ងាយទាំង១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រមានការកើនឡើង ។ ពេលនេះអ្នករត់បានចុះឈ្មោះជាង៣០០០នាក់ហើយ ក្នុងនោះជនបរទេសជាង ៦០០នាក់មកពី៣៩ប្រទេស និងមានជាង ២០០០នាក់ គឺជាពលរដ្ឋខ្មែរ ។ ឯ ឧ បញ្ជាក់ទៀតថា ថវិការដែលទទួលបានពិការឈ្មោះចុះត្រូវបានបែងចែកជា៣កញ្ចប់ គឺកញ្ចប់ទី១ សម្រាប់ចំណាយក្នុងការរៀបចំ ទី២ ជាកញ្ចប់សន្សំសម្រាប់ពង្រីកព្រឹត្តការណ៍អោយធំ ទី៣ជាកញ្ចប់ធំសម្រាប់សប្បុរសធម៌  ។

 លោក សែម ផល្លា ប្រធានក្រុមគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាល ម៉ារ៉ាតុងអន្ដរជាតិនេះមានប្រសាសន៍ដែរថា ឆ្នាំនេះផ្លូវរត់ត្រូវបានផ្លាស់ប្ដូរ ដោយសារស្ពានមិត្តភាពកម្ពុជា-ជប៉ុន កំពុងជួសជុល ខណៈស្ពានកម្ពុជា-ចិនមានភាពមមាញឹកក្នុងការធ្វើចរាចរណ៍ ដូច្នេះគណៈកម្មការបានសម្រេច ផ្លាស់ប្ដូរផ្លូវរត់មករៀបចំក្នុងរាជធានីទាំងស្រុង ប៉ុន្ដែចំពោះទីតាំងចេញដំណើរ និងដល់ទីនឹងប្រារព្ធរៀបចំនៅ មុខព្រះបរមរាជវាំងដដែល ៕

 


អត្ថបទទាក់ទង