នាយកទីភ្នាក់ងារសន្តិសុខអាមេរិកបញ្ជាក់ថា គ្មានភស្តុតាងជាក់លាក់ណាមួយ ដែលបង្ហាញពីការជ្រៀតជ្រែកកិច្ចការបោះឆ្នោតសហរដ្ឋអាមេរិកទេ
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

អាមេរិក៖ នាយកទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងសន្តិសុខព័ត៌មានវិទ្យាអាមេរិក (CISA) លោក គ្រីស ក្រេបស៍ បញ្ជាក់ថា ទីភ្នាក់ងាររបស់លោករកមិនឃើញភស្តុតាងជាក់លាក់ណាមួយ ដើម្បីបង្ហាញពីការលូកលាន់កិច្ចការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះទេ បើទោះជាមានការសង្ស័យជាច្រើនលើរុស្ស៊ី នេះបើតាមសារព័ត៌មាន ស្ព្រូតនីគ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ការអះអាងបែបនេះរបស់លោក គ្រីស ក្រេបស៍ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមយុទ្ធ នាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្ដឹងស្នើឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក៏ដូចជាបញ្ឈប់ការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ មីឈីហ្គែន, ភែនស៊ីលវេនៀ និងរដ្ឋ ចរជា ដែលរដ្ឋទាំងបីនេះមានអ្នកបោះឆ្នោតតំណាង៥២រូប ។
ទោះជាយ៉ាងណាក៏ដោយ នាយកទីភ្នាក់ងារហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងសន្តិសុខព័ត៌មានវិទ្យាអាមេរិករូបនេះ បានគូសបញ្ជាក់ថា បន្ទាប់ពីប្រជាជនអាមេរិករាប់លាននាក់បានបោះឆ្នោត... យើងគ្មានភស្ដុតាងជាក់លាក់ណាមួយបង្ហាញថា សត្រូវណាមួយមានសមត្ថភាពរារាំង មិនឱ្យប្រជាជនអាមេរិកទៅបោះឆ្នោត ឬធ្វើឱ្យកែប្រែដល់លទ្ធផលបោះឆ្នោតនោះទេ ៕

 


អត្ថបទទាក់ទង