លោក ចូ បៃដិន និយាយថា រូបលោករំពឹងខ្ពស់ថា នឹងទទួលជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០នេះ
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

អាមេរិក៖ លោក ចូ បៃដិន នៅថ្ងៃពុធនេះអះអាងថា រូបលោកកំពុងឆ្ពោះទៅរកជ័យជម្នះលើលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ ក្រោយលោកឈ្នះក្នុងរដ្ឋ Wisconsin និងរដ្ឋ Michigan នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ថ្លែងទៅកាន់អ្នកគាំទ្រពីរដ្ឋកំណើតរបស់ខ្លួន ទីក្រុង Wilmington រដ្ឋ Delaware លោក បៃដិន បានបញ្ជាក់ថា ពេញមួយយប់នៃការរាប់សន្លឹកឆ្នោត... វាច្បាស់ណាស់ទៅហើយថា យើងនឹងទទួលបានអ្នកបោះឆ្នោតតំណាងគ្រប់គ្រាន់២៧០ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតី ។ ខ្ញុំនៅទីនេះមិនមែនប្រកាសពីជ័យជម្នះ...ទេ តែខ្ញុំមកទីនេះដើម្បីរាយការណ៍តែប៉ុណ្ណោះ នៅពេលការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់... យើងជឿជាក់ថា យើងគឺជាអ្នកឈ្នះ ។
យោងតាមលទ្ធផលបច្ចុប្បន្ននេះ លោក ចូ បៃដិន កំពុងនាំមុខលោក ដូណាល់ ត្រាំ ដោយទទួលបានអ្នកបោះឆ្នោតតំណាង២៦៤រូប ទៅនឹង២១៤រូប ដោយលោក បៃដិន ត្រូវការអ្នកបោះឆ្នោតតំណាងតែ៦រូបទៀតប៉ុណ្ណោះ ដើម្បីផ្ដួលលោក ត្រាំ ខណៈលោកកំពុងនាំមុខលោក ត្រាំ ក្នុងរដ្ឋ Nevada ៤៩.៣ភាគរយ ទល់នឹង៤៨.៧ភាគរយ ។ បើលោក បៃដិន ឈ្នះក្នុងរដ្ឋ Nevada ដែលមានអ្នកបោះឆ្នោតតំណាង៦រូប នោះសមល្មមគ្រប់គ្រាន់ឱ្យលោកទទួលបានអ្នកបោះឆ្នោតតំណាង២៧០រូប ៕

 

 


អត្ថបទទាក់ទង