ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំដោយផ្តោតជាសំខាន់លើការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០២០

ភ្នំពេញ៖ នៅថ្ងៃពុធ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។

កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ ការរៀបចំផែនការស្ដារ និងជួសជុលបន្ទាន់នូវ ហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតដោយគ្រោះទឹកជំនន់ ការផ្សព្វផ្សាយសេចក្តីជូនដំណឹងស្ដីពីការ ពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ និងវឌ្ឍនភាពការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងថា៖ ទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ក៏ដោយក៏រាជ រដ្ឋាភិបាលកម្ពុជានៅតែគិតគូរ និងយកចិត្តទុកដាក់បំលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាដើម្បីសម្រួលដល់ការរស់នៅ និងបង្កើនប្រាក់ចំណូលគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ ជាក់ស្តែងនៅក្នុងរយៈពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញកញ្ចប់ថវិកា ដើម្បីស្ថាបនាផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃការត្រៀមរៀបចំពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដែល គ្រោងនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

ទាក់ទងនឹងការរៀបចំផែនការស្ដារជួសជុលបន្ទាន់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលរងគ្រោះដោយទឹកជំនន់ក្នុងរយៈពេលកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឲ្យដឹងថា៖ ក្រសួងបានបែងចែកក្រុមការងារ បច្ចេកទេសចុះទៅសិក្សាវាយតម្លៃផលប៉ះពាល់ពីគ្រោះទឹកជំនន់លើហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាខេត្ត ដែលរងផលប៉ះពាល់ ដើម្បីធ្វើបញ្ជីប៉ាន់តម្លៃជាក់ស្តែងនិងដាក់ស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើ សុំថវិកាជួសជុល ក្នុងគោលបំណងសម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារបច្ចេកទេស ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំងប្រទេស ត្រូវអនុវត្តការងាររបស់ខ្លួនជាប្រចាំទាក់ទងនឹងការចុះបិតជង្ហុកសំបុកមាន់  ដោយមិនត្រូវ រង់ចាំថវិកាពិសេស ឬទុកផ្លូវនោះចោលបង្កការលំបាកដល់ការធ្វើដំណើរឡើយ ប៉ុន្តែត្រូវយកថវិកាដែល ក្រសួងមានសម្រាប់ជួសជុលថែទាំ ឬត្រូវយកថវិកាបន្ទាន់ ដើម្បីសម្រួលដល់ការតភ្ជាប់ឱ្យបាននូវផ្លូវដែល ត្រូវទឹកជំនន់ហូរកាត់ផ្តាច់កន្លងមក។  

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឲ្យអង្គភាពទទួលការងារជួសជុលថែទាំ និងសាង សង់ផ្លូវថ្នល់ ផ្តល់សម្ភារៈឱ្យបានគ្រប់គ្រាន់ដូចជា៖ ស្បែកជើង មួកសុវត្ថិភាព អាវ និងស្រោមដៃជូនដល់ បុគ្គលិកកម្មករទាំងឡាយ ដែលបំពេញការងារជួសជុលថែទាំផ្លូវ ដើម្បីបង្ហាញនូវសេចក្តីថ្លៃថ្នូរ សាកសម ជាបុគ្គលិកកម្មកររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីភាពចាំបាច់នៃសេចក្តីជូនដំណឹងស្ដីពី ការពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដើម្បីថែទាំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើងឲ្យបានគង់វង្សអាចប្រើប្រាស់បានយូរអង្វែង និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផងដែរ។

ដោយឡែកទាក់ទងនឹងការអភិវឌ្ឍវិស័យព័ត៌មានវិទ្យា ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យនាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ធ្វើការសិក្សារៀបចំផែនការមេលើការងារបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់ក្រសួងសាធារណការ និងដឹកជញ្ជូនទាំងមូល និងបានសម្តែងនូវមោទន ភាពជាអនេកចំពោះសមិទ្ធផលសម្រេចបាននាពេលបច្ចុប្បន្នទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធព័ត៌មាន វិទ្យាដើម្បីសម្រួលដល់ការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញលើកទឹកចិត្តឲ្យអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ទាំងអស់ជួយផ្ដល់កិច្ចសហការល្អជាមួយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈក្នុងការ ផ្ដល់ទិន្នន័យក៏ដូចជាព័ត៌មានចាំបាច់មួយចំនួនសម្រាប់ការរៀបចំផែនការមេនេះឲ្យទទួលបានជោគជ័យ៕

 


អត្ថបទទាក់ទង