គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី២របស់ខេត្តបាត់ដំបង បានធ្វើសិក្ខាសាលារៀបចំនូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់ខ្លួន
ថ្ងៃ ពុធ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០២០

លោក ហាន ស៊ីហ៊ីប នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តបាត់ដំបង និងជាប្រធានក្រុមគាំទ្រគម្រោងខេត្តបាត់ដំបង បានថ្លែងគូសបញ្ជាក់ក្នុងឱកាស បើកសិក្ខាសាលារៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ ក្រោមក្របខណ្ឌគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ របស់ខ្លួននៅថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២០នេះថា៖គោលបំណងគម្រោង គឺសម្រេចឲ្យបាននូវលទ្ធផលសំខាន់ៗចំនួនបី។ ១.ការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទគាំទ្រផលិតភាពកសិកម្ម និងកែលម្អជីវភាព ដោយបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយ។ ២.ការកែលម្អបរិយាកាសសម្រាប់ការបង្កើននូវផលិតភាពកសិកម្មវៃឆ្លាត(Smart Agriculture.)។៣.ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តាមរយៈយន្តការតាមដានត្រួតពិនិត្យជាប្រចាំ និងប្រជុំបច្ចេតទេស ដើម្បីតម្រង់ទិសក្នុងការអនុវត្តគំរោង។

អង្គសិក្ខាសាលានេះក៏មានវត្តមានចូលរួមពីអស់លោក លោកស្រីថ្នាក់ក្រុមការងារអនុវត្តគម្រោងថ្នាក់ខេត្ត ស្រុកនិងឃុំគោលដៅក្នុងខេត្តបាត់ដំបងក្រុមការងារនៃសេវាករទី៦ សេវាករទី៧ សេវាករទី៨ និងសេវាករទី៩ និង វត្តមានជាអធិបតី ពីលោកហាន ស៊ីហ៊ីប  នាយកទីចាត់ការផែនការ និង វិនិយោគសាលាខេត្តបាត់ដំបង និងជាប្រធានក្រុមគាំទ្រគម្រោងខេត្តបាត់ដំបង, លោក ឡុង វិសិដ្ឋ ជាតំណាងក្រុមការងារ នៃ លេខាធិការដ្ឋាន គ.ជ.អ.ប និងលោក គាំ សុគន្ធ តំណាងក្រុមការងារអនុវត្តគម្រោងថ្នាក់ជាតិ នៃក្រសួងកសិកម្ម រុក្ខា-ប្រមាញ់ និងនេសាទ។ជាមួយគ្នានេះ ក៏មានការធ្វើបទបង្ហាញ ពីលោក ប៉ច សុវណ្ណ ទីប្រឹក្សាគ្រប់គ្រងគម្រោងប្រចាំខេត្តបាត់ដំបង និង ការធ្វើបទបង្ហាញ របស់ លោក ទុយ ពៅ ទីប្រឹក្សាគ្រប់គ្រងគម្រោងថ្នាក់ជាតិ នៃ លេខាធិការដ្ឋាន គ.ជ.អ.ប ផងដែរ។

លោក ហាន ស៊ីហ៊ីប ក៏បានគូសបញ្ជាក់ពីលក្ខណៈសំខាន់របស់គម្រោង គឺ៖ ការរៀបចំនិងអនុវត្តដោយផ្អែកលើយន្តការនៃប្រព័ន្ធវិមជ្ឈការ និង វិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ហើយគម្រោងនឹងផ្តល់ថវិកាច្រើនជាងមុនសម្រាប់ការបង្កើតជាមូលនីធិអភិវឌ្ឍន៍ឃុំគោលដៅ ដើម្បីគ្រប់គ្រង និងប្រើប្រាស់ក្នុងការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ តាមរយៈផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគឃុំ។ ការបង្កើតមូលនីធិនេះ គឺក្នុងគោលបំណងផ្ទេរ និងប្រគល់សិទ្ធិអំណាចដល់ក្រុមប្រឹក្សាឃុំគោលដៅ ក្នុងការអនុវត្តតួនាទីមុខងារនិងសិទ្ធិអំណាចដែលបានប្រគល់ឲ្យក្នុងការសម្របសម្រួលកិច្ចអភិវឌ្ឍន៍មូលដ្ឋាននានាដើម្បីលើកកម្ពសជីវភាពប្រជាពលរដ្ឋរបស់ខ្លួនក្នុងការពង្រឹងភាពជាម្ចាស់ និង ការទទួលខុសត្រូវក្នុងការប្រើប្រាស់ នឹងគ្រប់គ្រងធនធានដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ពង្រឹងគណនេយ្យភាពរបស់ក្រុមប្រឹក្សាឃុំ ក្នុងការប្រើប្រាស់ធនធានដែលខ្លួនមានចំពោះមុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

តាមរយៈនៃអង្គសិក្ខាសាលានេះ លោក ហាន ស៊ីហ៊ីប  នាយកទីចាត់ការផែនការ និង វិនិយោគសាលាខេត្តបាត់ដំបង និងជា ប្រធានក្រុមគាំទ្រគម្រោងខេត្តបាត់ដំបង ក៏បានផ្តោតការរំពឹង និងសង្ឃឹមទុកផងដែរថា៖សិក្ខាកាមទាំងអស់នឹងចូលរួមផ្តល់នូវធាតុចូល ដែលជាតម្រូវការចាំបាច់និងដ៏មានសារសំខាន់ ពីអង្គភាពគាំទ្រនិងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកសាងនូវផែនការសកម្មភាពរបស់ខ្លួននិងថវិកា ឲ្យចំគោលដៅដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។និងសូមជំរុញលើកទឹកចិត្តចំពោះក្រុមការងារថ្នាក់ស្រុក លោកមេឃុំនិងសេវាករទាំងអស់ សូមចូលរួមផ្តល់នូវគំនិតជាយោបល់ដើម្បីបង្កើតបាននូវផែនការសកម្មភាពដែលត្រឹមត្រូវសមស្រប ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីឆ្លើយតបទៅនិងការរៀបចំនូវផែនការសកម្មភាព នឹងថវិកាឆ្នាំ២០២១ក្រោមក្របខណ្ឌកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហានទី២នេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )


អត្ថបទទាក់ទង