រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ថាដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវគម្រោងអភិវឌ្ឍន៍ មួយចំនួនដូចជា៖ ទឹកស្អាត និងចំរោះទឹក បច្ចេកវិទ្យា (IT) គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និង សត្តឃាត និងគម្រោងកសិកម្ម និងនេសាទ
ថ្ងៃ អង្គារ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតឱ្យឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃ ប្រទេសហុងគ្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ។

ឯ,ឧ អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានក្រុមអ្នកសារពត៌មានថា នៅក្នុង ជំនួបនេះ ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) ក៏បានអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដែលទទួលស្វាគមន៍ឯកឧត្តមយ៉ាងកក់ក្តី នៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តមមកកាន់ប្រទេសកម្ពុជានាពេលនេះ។

ឯកឧត្តម ភីធើ ស៊ីចាតូ បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ប្រទេសកម្ពុជា នាពេលនេះ គឺ ទី១-ដើម្បីអបអរសាទរចំពោះខួបលើកទី៦៧ នៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ទី២-គឺដើម្បីពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី និងទី៣-ដើម្បីពង្រឹង និងពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការនាំមកនូវគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជា៖ ទី១) គម្រោងទឹកស្អាត និងចំរោះទឹក ទី២) គម្រោងបច្ចេកវិទ្យា (IT) និងទី៣) គម្រោងកសិដ្ឋានចិញ្ចឹមសត្វ និងសត្តឃាត និងទី៤)គម្រោងកសិកម្ម និងនេសាទ ។

ជាការឆ្លើយតប  សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី ហើយសម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋហុងគ្រី ដែលបានជួយមកដល់កម្ពុជាកាលពីជាង៤០ឆ្នាំមុន ក្នុងការកសាងប្រទេសឡើងវិញពីបាតដៃទទេ បន្ទាប់ពីកម្ពុជាងើបពីសង្គ្រាម។ លើសពីនេះទៅទៀត សម្ដេចតេជោ ក៏បានឯកភាពជាមួយនឹងការជំរុញលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរតាមរយៈគម្រោងទាំងបួនខាងលើ។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការគោរព និងផ្ដាំផ្ញើសួរសុខទុក្ខ ជូនចំពោះនាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី។ ហើយឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានស្នើសុំ និងអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីហុងគ្រី មកបំពេញទស្សនកិច្ចនៅក្នុងប្រទេស កម្ពុជា ក្នុងឱកាសណាមួយនាពេលខាងមុខផងដែរ ។

នៅក្រោយបញ្ចប់ជំនួបពិភាក្សាការងារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន៣ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ កម្មហុងគ្រី នៅវិមានសន្តិភាព ។ ឯកសារទាំង ៣ រួមមាន ៖

១. កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា ភិបាលហុងគ្រី ចុះហត្ថលេខាដោយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។

២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម នៃប្រទេស ហុងគ្រី ចុះហត្ថលេខាដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ។

៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគ្រប់គ្រងទឹក រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ចុះហត្ថលេខាដោយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ កម្មហុងគ្រី ។

គួររម្លឹកថា ប្រមុខការទូតនៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តប តាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) ជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី៣ ដែលបាន មកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីក្រសួង ការបរទេសចិន កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ។

បើតាមក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ភីធើ ស៊ីចាតូ នឹងបន្ត ពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជា និងហុងគ្រី ៕


អត្ថបទទាក់ទង