ឯកសារចំនួន៣ ត្រូវបានចុះហត្ថលេខា ក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅវិមានសន្តិភាព
ថ្ងៃ អង្គារ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញាតឱ្យឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្ម នៃ ប្រទេសហុងគ្រី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៣ ខែវិច្ឆកា ឆ្នាំ ២០២០ នៅវិមានសន្តិភាព ។

គួររម្លឹកថា ប្រមុខការទូតនៃប្រទេសហុងគ្រី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅ ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ តប តាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

ឯកឧត្តម ភីធើ ស៊ីចាតូ (Péter Szijjártó) ជារដ្ឋមន្រ្តីការបរទេសនៃប្រទេសជាមិត្តទី៣ ដែលបាន មកដល់កម្ពុជា អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពី រដ្ឋមន្រ្តីក្រសួងការបរទេស ជប៉ុន ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០២០ និងឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីក្រសួង ការបរទេសចិន កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ។

បើតាមក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ភីធើ ស៊ីចាតូ នឹងបន្ត ពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជា និងហុងគ្រី ។

សូមបញ្ជាក់ថា នៅក្រោយបញ្ចប់ជំនួបពិភាក្សាការងារ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ ឯកសារចំនួន៣ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ កម្មហុងគ្រី នៅវិមានសន្តិភាព ។ ឯកសារទាំង ៣ រួមមាន ៖

១. កិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋា ភិបាលហុងគ្រី ចុះហត្ថលេខាដោយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី។

២. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្ម នៃប្រទេស ហុងគ្រី ចុះហត្ថលេខាដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ។

៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការគ្រប់គ្រងទឹក រវាងក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី ចុះហត្ថលេខាដោយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម និងឯកឧត្តម Péter Szijjártó រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជ កម្មហុងគ្រី ៕


អត្ថបទទាក់ទង