លោកស្រី ណាន់ស៊ី ផេឡូស៊ី បញ្ជាក់ថា សភាអាមេរិកទាំងពីរត្រៀមរួចរាល់ ដើម្បីធ្វើអន្តរាគមន៍ក្នុងករណីលទ្ធផលបោះឆ្នោតមិនអាចកំណត់បានអ្នកឈ្នះ-ចាញ់
ថ្ងៃ អង្គារ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២០

អាមេរិក៖ សភាអាមេរិកទាំងពីរប្រុងប្រៀបខ្លួនរួចរាល់ ក្នុងការធ្វើអន្តរាគមន៍ករណីដែលជម្លោះលើលទ្ធផលបោះឆ្នោតមិនអាចកំណត់រកអ្នកឈ្នះ-ចាញ់បាន រវាងលោក ដូណាល់ ត្រាំ និងលោក ចូ បៃដិន នេះបើតាមការបញ្ជាក់របស់ប្រធានសភាតំណាងរាស្ត្របក្សប្រជាធិបតេយ្យអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ចេញផ្សាយសារព័ត៌មាន ស្ព្រូតនីក នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។

នៅក្នុងករណីគ្មានបេក្ខជនណាម្នាក់ ទទួលបានសំឡេងពីអ្នកបោះឆ្នោតតំណាងភាគច្រើន ឬក៏ជម្លោះលទ្ធផលបោះឆ្នោត «មិនអាចកំណត់រកឈ្នះ និងចាញ់បាន» នោះ សភាទាំងពីររបស់សហរដ្ឋអាមេរិក គឺព្រឹទ្ធសភា និងសភាតំណាងរាស្ត្រ (រដ្ឋសភា) នឹងធ្វើអន្តរគមន៍ដោះស្រាយជម្លោះ ដោយសភាតំណាងរាស្ត្រជាអ្នកបោះឆ្នោតជ្រើសរើសប្រធានាធិបតី រីឯព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសអនុប្រធានាធិបតី ។

នៅក្នុងការបោះឆ្នោតដោយសភាតំណាងរាស្ត្រ បេក្ខជនម្នាក់ត្រូវរកសំឡេងគាំទ្រឱ្យបាន២៦សំឡេងឡើងទៅពីប្រតិភូនៃរដ្ឋនីមួយៗ (រដ្ឋទាំង ៥០ ឬមានន័យថាលើសតែ១សំឡេងនៃចំនួនពាក់កណ្តាល) នោះនឹងកា្លយជាប្រធានាធិបតីតែម្តង ។

យ៉ាងណាមិញ ដោយសារតែអាណត្តិថ្មីនេះ បេក្ខជនទាំងពីររូបត្រូវបានគេមើលឃើញថា មានសំឡេងគាំទ្រប្រកៀកប្រកិតគ្នាខ្លាំង ឬមានសញ្ញាមិនប្រក្រតីមួយចំនួនបានកើតឡើងរួចទៅហើយនោះ ទើបការបកស្រាយលក្ខខណ្ឌក្រោយការបោះឆ្នោត ដើម្បីកំណត់រកអ្នកឈ្នះ ឬចាញ់ក៏ត្រូវធ្វើឡើងដូចគ្នា ៕


អត្ថបទទាក់ទង