រដ្ឋមន្រ្តីអង់គ្លេសព្រមានថា អង់គ្លេសអាចនឹងត្រូវអូសបន្លាយពេលបិទខ្ទប់ប្រទេសបន្ថែមទៀត ដើម្បីទប់ស្កាត់ Covid-19
ថ្ងៃ ច័ន្ទ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២០

អង់គ្លេស៖ សមាជិកគណៈរដ្ឋមន្រ្តីជាន់ខ្ពស់មួយរូបរបស់អង់គ្លេស នៅថ្ងៃអាទិត្យនេះនិយាយថា ការបិទខ្ទប់ប្រទេសរយៈពេលមួយខែនៅចក្រភពអង់គ្លេស ដែលត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន កាលពីចុងសប្តាហ៍មុននេះ អាចនឹងត្រូវអូសបន្លាយពេលបន្ថែមទៀត ខណៈអង់គ្លេសកំពុងជួបរលកទី២នៃការចម្លងជម្ងឺ Covid-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
បន្ទាប់ពីការប្រឆាំងនឹងការបិទខ្ទប់ប្រទេសជាថ្មីអស់រយៈពេលជាច្រើនខែកន្លងមកនេះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន ទើបតែបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ការរឹតត្បិតថ្មីនៅទូទាំងប្រទេសអង់គ្លេស នឹងចាប់ផ្តើមអនុវត្ត គិតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបន្តរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ។
ការសម្រេចដាក់ចេញវិធានការបិទប្រទេសជាថ្មីម្តងទៀតបែបនេះ ធ្វើឡើងស្របពេលដែលចំនួនករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងអង់គ្លេស បានកើនលើសពី១លាននាក់ ។ ដោយឡែក ដើម្បីឲ្យអ្វីៗវិលទៅរកសភាពដូចដើមវិញ ប្រទេសជាច្រើនដូចជាអង់គ្លេស ចិន រុស្ស៉ី និងសហរដ្ឋអាមេរិក កំពុងតែខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំង COVID-19 ឲ្យបានជោគជ័យ ៕