សហរដ្ឋអាមេរិកបំបែកកំណត់ត្រាថ្មី ក្រោយទើបរកឃើញអ្នកឆ្លង Covid-19 ច្រើនជាង៩ម៉ឺននាក់លើកដំបូងក្នុងពេលមួយថ្ងៃ
ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

អាមេរិក៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានកត់ត្រាពីចំនួនអ្នកឆ្លងជម្ងឺ Covid-19 ថ្មីៗរហូតដល់៩ម៉ឺននាក់លើកដំបូងក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ នេះបើតាមរបាយការណ៍សរុបរបស់សាកលវិទ្យាល័យ Johns Hopkins ចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ។

ប្រទេសមហាអំណាចពិភពលោកមួយនេះ បានមើលឃើញពីការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជម្ងឺ Covid-19 ចាប់តាំងពីពាក់កណ្តាលខែតុលាកន្លងមកនេះ តួយ៉ាងគិតត្រឹមម៉ោង៨និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) អាជ្ញាធរសុខាភិបាលអាមេរិកបានរកឃើញអ្នកឆ្លងថ្មីៗរហូតដល់៩ម៉ឺន១ពាន់២៩៥នាក់ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ។

សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាមេរិកមានអ្នកឆ្លងជម្ងឺ Covid-19 សរុបកើនឡើងដល់៩លាន២១ម៉ឺន២ពាន់៧៦៧នាក់ ស្លាប់ចំនួន២៣ម៉ឺន៤ពាន់១៧៧នាក់ និងជាសះស្បើយចំនួន៥លាន៩៨ម៉ឺន៣ពាន់៣៤៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ៕


អត្ថបទទាក់ទង