កម្ពុជានៅថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីម្នាក់ទៀត
ថ្ងៃ សុក្រ ទី ៣០ ខែ តុលា ឆ្នាំ ២០២០

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងថ្មីនោះជាបុរសជនជាតិខ្មែរអាយុ៥១ឆ្នាំ មានអសយដ្ឋានស្នាក់នៅខណ្ឌទួលគោក រាជថានៅភ្នំពេញ ជាមន្ត្រីផ្នែកប្រតិបត្តិការរបសើអង្គការសហប្រជាជាតិប្រចាំបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង បានធ្វើដំណើរមកពីប្រទេសស៊ូដង់ខាងត្បូង បន្តជើងហោះហើរនៅប្រទេសគុយបា មកបន្តជើងហោះហើរនៅប្រទេសអូត្យូពី រួចបានបន្តជើងយន្តហោះនៅប្រទេសកូរ៉េខាងត្បូង មុននឹងមកដល់ប្រតេសកម្ពុជានៅថ្ងៃ២៨តុលាឆ្នាំ២០២០។

លទ្ធផលធ្វើតេស្ដលើវត្ថុសំណាករបស់បុគ្គលនោះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។  ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើមានចំនួន៨៧នាក់ រួមទាំងបុរសដែលឆ្លងជំងឺនោះផងដែរ។

រីឯអ្នកដំណើរ៨៦នាក់ទៀត ដែលលទ្ធផលតេស្ដអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវាបបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យពោធិ៍ចិនតុងចំនួន២៤នាក់ អ្នកផ្សេងទៀតស្នាក់នៅសណ្ឋាគារមួយចំនួន នារាជធានីភ្នំពេញ។  គិតមកដល់ថ្ងៃទី៣០តុលាឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩១នាក់ ក្នុងចំណោមនោះបានជាសះស្បើយចំនួន២៨៣នាក់ និងនៅសល់៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


អត្ថបទទាក់ទង