មន្រ្តីជាន់ខ្ពស់អង្គការ WHO ជំរុញឲ្យអឺរ៉ុបចាត់វិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19
ថ្ងៃ អង្គារ ទី ២៧ ខែ តុលា ឆ្នាំ ២០២០

ស្វីស៖ នាយកផ្នែកកម្មវិធីសង្គ្រោះបន្ទាន់អង្គការ WHO លោក ម៉ៃ រីយ៉ាន បញ្ជាក់ថា ពេលនេះទ្វីបអឺរ៉ុបកំពុងស្ថិតនៅពីក្រោមការគំរាមកំហែងពីជំងឺ COVID-19 នៅឡើយ ដូច្នេះការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែម គឺជារឿងដែលទ្វីបអឺរ៉ុបត្រូវតែធ្វើ នេះបើតាមសារព័ត៌មាន APនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។

នៅក្នុងសន្និសិទកាសែតមួយនៅថ្ងៃចន្ទនេះ លោក ម៉ៃ រីយ៉ាន បានសង្កត់ធ្ងន់ថា ទ្វីបអឺរ៉ុបត្រូវការការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ហើយបញ្ហាកង្វះសមត្ថភាពក្នុងការតាមដានអ្នកជំងឺនេះ នឹងជម្រុញឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង ។

ដោយឡែកប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ក៏បានអះអាងដែរថា វាមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាល និងពលរដ្ឋទាំងអស់ចាំបាច់ត្រូវចូលរួមចំណែក និងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃវីរុសដ៏កាចសាហាវមួយនេះ ៕


អត្ថបទទាក់ទង