ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកនិងប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានស្រុក បាននាំយកអំណោយមួយចំនួនចែកជូនដល់ប្រជាពល រដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងរហ័ស ចំនួន ១.០៩៣គ្រួសារ នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ថ្ងៃ អាទិត្យ ទី ២៥ ខែ តុលា ឆ្នាំ ២០២០

  បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័ស ក្នុងឃុំទាំង៦ របស់ ស្រុកគាស់ក្រឡខេត្តបាត់ដំបង ចំនួន១.០៩៣គ្រួសារ ទទួលបាននូវអំណោយមនុស្សធម៌ ពីសប្បុរសជន តាមរយៈ
ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកគាស់ក្រឡ។ បានអញ្ជើញចុះចែកនូវអំណោយមនុស្សធម៌ ដែលទទួលបានពីប្រជាពលរដ្ឋខ្មែរ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងទៅនេះ។
     
      អំណោយស្បៀងបន្ទាន់ដើម្បីជួយដល់បងប្អូនរងគ្រោះដោយទឹកជំនន់នេះ បានធ្វើឡើងនៅក្នុងបរិវេណ សាលាស្រុកគាស់ក្រឡ កាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ ហើយក្នុងពិធីចែកនេះ ក៏មានវត្តមាន ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង រួមនិងមន្ត្រីក្រុមការងារចុះជួយស្រុកនិងម្ចាស់មូលនីធិសប្បុរសធម៌ផងដែរ។អំណោយសប្បុរសធម៌ ដែលបានចែកជូននេះ រួមមាន៖អង្ករ មី ទឹកស៊ីអ៉ីវ ទឹកត្រី ឆៃប៉ូវ សៀង ថ្នាំពេទ្យ។ ល។
       សូមបញ្ជាក់ផងដែរថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សក្នុងស្រុក គឺៈមានចំនួនសរុប១.០៩៣គ្រួសារហើយក្រុមការងារបាននាំយកអំណោយសប្បុរសធម៌ទាំងនេះចែកជូនជាបន្តបន្ទាប់។ដោយឡែកនៅព្រឹកថ្ងៃទី២៤នេះ បានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ សរុប៤៨០គ្រួសារ បន្ថែមទៀត ។  

      ថ្លែងក្នុងពិធីចុះចែកអំណោយនេះ ឯកឧត្តមឡាំ ជា និង ឯកឧត្តម ប៊ុន ហុន បានគូសបញ្ជាក់ថា ការផ្តល់ជូនអំណោយទាំងនេះ គីៈកើតចេញពីទឹកចិត្តអាណិតស្រលាញ់ និងក្នុងនាមជាប្រជាជាតិខ្មែរ ដោយមិនប្រកាន់ឋានៈ បក្ខពួក ឬក៏និន្នាការនយោបាយអ្វីឡើយ។និងដើម្បីឆ្លើយតបស្របទៅតាមអនុសាសន៍ណែនាំរបស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។
      ឯកឧត្តមទាំង២ ក៏បានពាំនាំនូវការផ្តាំផ្ញើនិងពីការសាកសួរសុខទុក្ខ និងចូលរួមនូវកាសោកស្តាយចំពោះគ្រោះធម្មជាតិកន្លងមកនេះ ដែលបានបំផ្លិចបំផ្លាញ ដល់ទ្រព្យសម្បត្តិ អាយុជីវិត ផលដំណាំស្រែ-ចម្ការ របស់បងប្អូនកន្លងមកនេះ និងសេចក្តីអាណិតស្រលាញ់ពីសម្តេចក្រឡាហោម  ស  ខេង  ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ  ដើម្បីផ្ញើជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ព្រមទាំងបានធ្វើការក្រេីនរំលឹកដល់បងប្អូនទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់  ខិតខំរក្សាអនាម័យកុំឲ្យមានការធ្វេសប្រហែស។ជាពិសេស កុមារ និងស្រ្តីនាពេលទឹកកំពុងជោរជន់លិចលង់  និងសត្វអសិរពិសជាដេីម  ជាងនេះទៅទៀតក៏មិនត្រូវភ្លេចជំងឺកូវីត-១៩ នោះទេ។

     ក្នុងឱកាសចែកអំណោយនេះឯកឧត្តម ទាំងពីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋខ្មែរជាម្ចាស់ជំនួយ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះ និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឲ្យបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា គ្រប់កាលៈទេសៈ ខណៈដែលប្រទេសជាតិ កំពុងជួបនឹងគ្រោះធម្មជាតិ ដោយទឹកជំនន់ ដ៏ធ្ងន់ធ្ងរនិងអាក្រក់កើតឡើងនេះ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )