ពលរដ្ឋអាមេរិកជាង៥០លាននាក់បានបោះឆ្នោតមុន ជាកំណត់ត្រាដ៏ច្រើន សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក
ថ្ងៃ សៅរ៏ ទី ២៤ ខែ តុលា ឆ្នាំ ២០២០

មានប្រជាពលរដ្ឋអាមេរិកច្រើនជាង៥០លាននាក់ហើយដែលបានបោះឆ្នោតមុន នេះបើតាមអ្នកជំនាញបោះឆ្នោតមុនបញ្ជាក់ឲ្យដឹង កាលពីថ្ងៃទី២៣ តុលា ម្សិលមិញ។
ការបោះឆ្នោតមុនក្នុងចំនួននេះគឺជាចំនួនដ៏ច្រើនជាប្រវត្ថិសាស្ត្រ សម្រាប់ការបោះឆ្នោតផ្លូវការ នាថ្ងៃទី៣ វិច្ឆិកា ដែលបេក្ខជនឈរឈ្មោះ គឺលោកដូណាល់ ត្រាំ ប្រធានាធិបតីបច្ចុប្បន្នមកពីគណបក្សសាធារណរដ្ឋ និងគូប្រជែង ចូ បាយឌិន មកពីគណបក្សប្រជាធិបតេយ្យ។
យោងតាមគម្រោងបោះឆ្នោត Michael McDonald នៃសកលវិទ្យាល័យ Florida បានឲ្យដឹងដែរថា ពលរដ្ឋអាមេរិកយ៉ាងតិច៥២លាននាក់បានបោះឆ្នោតដោយផ្ទាល់ ឬតាមសារអេឡិចត្រូកនិក ១១ថ្ងៃមុនការបោះឆ្នោតផ្លូវការ។
ចំនួននេះស្មើនឹងប្រមាណ២២ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោតនៅអាមេរិក ហើយ និងបណ្តាអ្នកជំនាញផ្សេងៗទៀតព្យាករណ៍ថា ការបោះឆ្នោតលើកនេះអាចបង្កើតកំណត់ត្រាបោះឆ្នោតទំនើប ដោយកើនលើសអត្រាចូលរួម ៦០ ភាគរយនៃការបោះឆ្នោតប្រធានាធិបតី កន្លងមក៕ ប្រភពពី Channelnewsasia