ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណី
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមនឹងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិបង្កើតឡើងដោយស្របច្បាប់និងទទួលស្គាល់ដោយក្រសួងបរិស្ថានបានបន្តកិច្ចសហការគ្នាក្នុងការចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសនិងការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ក្នុងរយៈ ពេល ៩ ខែឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣ លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ  ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី និងពិន័យអន្តរការណ៍ ៤១ ករណី។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួង
បរិស្ថាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះដោយសង្កេតឃើញថាបទល្មើសនៅតំបន់មួយចំនួនមានការ ថយចុះ ដោយសារតែមានកិច្ចសហការស្អិតរមួតជាមួយសហគមន៍តំបន់ការពារធម្មជាតិ ការបង្កើតស្នាក់ការល្បាតចល័ត ការរៀបចំផែនការល្បាតបានល្អិតល្អន់ និងមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។

  ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថានៅក្នុងរយៈពេល៩ ខែនេះ
មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣ គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន១០៦ គ្រឿង និងម៉ូតូ ៤៦ គ្រឿង រឹបអូសឈើចំនួន ៣០៣ ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១៦៧៧ អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣ គ្រឿង។ រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃ ឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិ ស្ថានរូបនេះក៏បានលើកឡើងថា ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា មានកត្តាផ្សេងៗដែល ជំរុញឱ្យមានបទល្មើសទាំងនេះក្នុងនោះរួមមាន កត្ដាជីវភាពរបស់ប្រជាសហគមន៍ ដែលធ្លាប់តែពឹង អាស្រ័យ ទៅលើផល អនុផលព្រៃឈើ និងការទាក់ទាញ និងញុះញង់ពីសំណាក់ក្រុមឈ្មួញទុច្ចរិត គួបផ្សំនឹងចំនួនមន្រ្ដីឧទ្យានុរក្សដែលបានឈរជើងនៅក្នុងតំបន់នោះនៅមានកម្រិតនៅឡើយ។ ទោះយ៉ាងណា ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិដែលកើតឡើងស្របតាមច្បាប់នានា។  ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍបានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រង ការផ្ដល់មធ្យោបាយ ឧបករណ៍ សម្ភារ ក៏ដូចជាការជួយលើកស្ទួយជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានបន្ថែមទៀតតាមរយៈការបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូលការជំរុញទេសចរណ៍ធម្មជាតិជាដើម ដើម្បីធានា ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ការពារ និងអភិរក្សតំបន់ព្រៃឡង់។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃ
ឡង់បៃតងគាំទ្រថវិកាដោយ USAID របស់សហ រដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។
 
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍កំពុងអនុវត្តផែនការសកម្មភាពនានាដើម្បីធ្វើប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ព្រមទាំងបង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។ គម្រោងនេះ មានកិច្ចសហការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច។

សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចប្បន្ននេះមានមន្ត្រីឧទ្យានុរក្សចំនួន ៨៤ នាក់បាននិងកំពុងឈរជើងការពារនៅក្នុងនោះ ខេត្តកំពង់ធំមាន ៣៤ នាក់ ខេត្តស្ទឹងត្រែងមាន ២៤ នាក់ និងខេត្តក្រចេះចំនួន ១២ នាក់ ខេត្តព្រះវិហារចំនួន ១៣ នាក់ ហើយសហគមន៍តំបន់ការពារធម្មជាតិមានចំនួន ១៩ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលបានចូលរួមសហការចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស។