ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិកាជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារជនរងគ្រោះស្លាប់ដោយសារគ្រោះទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ
ថ្ងៃ អាទិត្យ ទី ១៨ ខែ តុលា ឆ្នាំ ២០២០

នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
 បាននាំយកថវិកាជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនផ្ទាល់ដៃដល់គ្រួសារ និងសាច់ញាតិរបស់ជនរងគ្រោះដែលបានស្លាប់ដោយសារគ្រោះទឹកជំនន់បង្កឡើងដោយទឹកភ្លៀងនាពេលកន្លងទៅ នៅក្នុងខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឲ្យប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត ក៍ដូចជាគ្រួសារ សាច់ញាតិជនរងគ្រោះផ្ទាល់ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  ដែលតែងតែយកចិត្តទុកដាក់សន្តោសប្រណីអាណិតស្រឡាញ់ដល់ប្រជាពលរដ្ឋគ្រប់រូប។

 គិតមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ គ្រោះទឹកជំនន់នេះ បានសម្លាប់ ប្រជាពលរដ្ឋ រស់ នៅ ខេត្តបន្ទាយមានជ័យ ចំនួន១២នាក់។

ដើម្បីជួយដោះស្រាយការលំបាកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនបានឧបត្ថម្ភដល់គ្រួសារសព ដែលស្លាប់ដោយសារគ្រោះធម្មជាតិជំនន់ទឹកភ្លៀងចំនួន២០នាក់ដោយក្នុងអ្នកស្លាប់ម្នាក់ទទួលបានថវិកាចំនួន១០ លានរៀល។ ជាមួយគ្នានេះ សម្តេច បានសម្រេចបន្ថែមកញ្ចប់ថវិកាចំនួន១០ម៉ឺនដុល្លារបន្ថែមទៀត ជូនដល់ខេត្តខេត្តបន្ទាយមានជ័យ ដោយទទួលបានថវិកាសរុបចំនួន២០ម៉ឺនដុល្លារ។

តាម របាយការណ៍ របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និងឃុំ/សង្កាត់ចំនួន៤៩។ គ្រោះ ទឹក ជំនន់ នេះ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ជាង១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋ ជាង២ពាន់គ្រួសារ ត្រូវ បាន ជម្លៀសទៅ រកទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងចាប់តាំងពីថ្ងៃទី០១ ខែកញ្ញាដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឱ្យមនុស្ស២០នាក់ហើយបានស្លាប់បាត់បង់ជីវិតនិងប៉ះពាល់ប្រជាពលរដ្ឋជាង ២៤ម៉ឺននាក់៕