មុខរបរចិញ្ចឹមចង្រិត អាចរកប្រាក់បានចន្លោះពី ១៥០០ដុល្លារ ទៅ ២ពាន់ដុល្លារក្នុងមួយខែ
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

លោកញឿក ភារម្យ រស់នៅភូមិត្រពាំងឬស្សី ឃុំបារាយ ស្រុកដូនកែវ ខេត្តតាកែវ ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិតមុនគេនៅកម្ពុជា បានរៀបរាប់ថា លោកបើកកសិដ្ឋានចិញ្ចឹមចង្រិតនេះរយៈពេល១០ឆ្នាំមកហើយ។ ដំបូងឡើយលោកមានប្រាក់ត្រឹមតែ ១ពាន់ដុល្លារប៉ុណ្ណោះ ដើម្បីបើកអាជីវកម្មចិញ្ចឹមចង្រិតនេះ។ ហើយការចញ្ចឹមចង្រិតនេះ ដោយមើលតាមប្រពន្ធ័YouTubeតែប៉ុណ្ណោះ។ ដើម្បីបំពេញតម្រូវការទីផ្សារ លោកបានបង្រៀនបងប្អូនប្រជាកសិករអោយចេះចិញ្ចឹមចង្រិតដូចលោកដែរ។ បច្ចុប្បន្ន លោកមាន សាខាទាំង២៥ខេត្តក្រុង ដែលគិតជាអាង មានចំនួន ៤០០អាង អាចផ្តល់ផលបានចន្លោះពី៤០ ទៅ៥០តោនក្នុងមួយខែ។
លោកញឿក ភារម្យ បានអោយដឹងថា ពេលចាប់ផ្តើមចិញ្ចឹមចង្រិតដំបូង លោកបាននាំពូជចង្រិតមកពីប្រទេសថៃ ហើយជួបបញ្ហាច្រើនដូចជាខ្វះទីផ្សារ   ខ្វះបច្ចេកទេសចិញ្ចឹម ខ្វះការគាំទ្រពីក្រុមគ្រួសារ។
បើទោះបីជាមានឧបសគ្គច្រើនក៏ដោយ ក៏លោកមិនបាក់ទឹកចិត្តនោះដែរ លោកខិតខំសិក្សាស្រាវជ្រាវរបៀបចិញ្ចឹមចង្រិត តាមប្រពន្ធ័YouTube រហូតទទួលបានជោគជ័យ។ បច្ចុប្បន្នលោកអាចរកប្រាក់បានចន្លោះពី១៥០០ដុល្លារ ទៅ ២០០០ដុល្លារក្នុងមួយខែ។ លោកបានប្រាប់ពីរបៀបចិញ្ចឹមចង្រិតថា៖
ដំបូង គឺត្រូវរៀបអាងកម្ពស់១ម៉ែត្រ ទទឹង២ម៉ែត្រ បណ្តោយតាមដីជាក់ស្តែង បន្ទាប់មករៀបចំសំបុកចូលក្នុងអាង និងយកពងចង្រិតពង្រាយលើសំបុក ដាក់ចំបើងរោយគ្របពីលើពងចង្រិត។
រយៈពេលមួយសប្តាហ៍ចង្រិតចាប់ផ្តើមញាស់ នៅពេលដែលចង្រិតញាស់ហើយ គឺត្រូវចាប់ផ្តើមដាក់ចំណី និងបាញ់ទឹកតិចៗពីលើមួយថ្ងៃបីដង។ ចំណីរបស់ចង្រិត គឺចំណីបេលាយស្រាប់ ដែលគេលក់នៅតាមទីផ្សារ ប្រភេទចំណីដាក់សំរាប់ទាពង និងបន្លែបៃតង។ ត្រូវធ្វើសំណាញ់បិទជុំវិញ ដើម្បីការពារកណ្តុរ មាន់ ទា និងសត្វផ្សេងៗចូល។ ការចិញ្ចឹមចង្រិត មានពីរប្រភេទគឺចង្រិតក្រហម និងចង្រិតខ្មៅ ហើយមានរយៈពេលចាប់ពី៣៥ថ្ងៃរហូត៤៥ថ្ងៃ គឺគិតចាប់ពីពេលញាស់ រហូតដល់ថ្ងៃទទួលផល។ បច្ចុប្បន្នលោកញឿក ភារម្យ មានផលិតជាម្សៅចង្រិត អាចទទួលទានបាននិងទុកបានយូ និងទទួលទិញចង្រិតពីបងប្អូនប្រជាកសិករដែលចិញ្ចឹមចង្រិត ដើម្បីតម្រូវការក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេសផងដែរ។ លោកក៏សូមណូមពរអោយបងប្អូនប្រជាពលរដ្ឋយើងទាំងក្នុងនិងក្រៅប្រទេស ជួយគាំទ្រមុខរបរចិញ្ចឹមចង្រិតនេះ ដើម្បីអោយកសិករយើងមានការងារធ្វើ និងពង្រីកអាជីវកម្មបន្ថែម ដើម្បីបំពេញតម្រូវការផ្គង់ផ្គង់ទៅក្រៅប្រទេស។ អត្ថបទ៖ វុទ្ធី រតនា