លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ កែវ ម៉ាលី
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកជំទាវ កែវ ម៉ាលី នារសៀលថ្ងៃ សៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ។

លោកជំទាវឧកញ៉ា កែវ ម៉ាលី អតីតសមាជិកព្រឹទ្ធសភាបានទទួលមរណភាពកាលពីយប់ម៉ោង ១ រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់លោកជំទាវ កែវ ម៉ាលី គឺជាការបាត់បង់ដ៏គួរឲ្យសោកស្តាយបំផុត នូវឧត្តមភរិយា ម្តាយជាទីគោរពស្រឡាញ់ដែលប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ដូចជាការបាត់បង់នូវថ្នាក់ដឹកនាំដ៏សំខាន់មួយរូបប្រកបដោយពុទ្ធិ និងបទពិសោធន៍យ៉ាងទូលំទូលាយដែលមួយជីវិតរបស់លោកជំទាវបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលាចូលរួមចំណែកក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាផ្នែកដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។

សពរបស់លោកជំទាវឧកញ៉ា កែវ ម៉ាលី បានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ១០៥បេ ផ្លូវជាតិលេខ១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (វិមានកែវចរណៃ)។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត និងប្រតិភូអមដំណើរក៏បានចូលរួមរំលែកទុក្ខជាមួយ លោកស្រី កែវ ស៊ួយឆេង ព្រមទាំងក្រុមគ្រួសារ  ដោយក្តីសោកសង្រេង និងអាឡោះអាល័យជាទីបំផុត និងបានបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់លោកជំទាវ កែវ ម៉ាលី បានទៅសោយសុខ ក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕