សត្វក្រពើដែលរួចពី កសិដ្ឋាននៅខណ្ឌដង្កោ ចាប់បានវិញហើយ
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

 

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដង្កោ បានឲ្យដឹងថា សត្វក្រពើទម្ងន់ជាង៣០គីឡូក្រាម ដែលរួចពីកសិដ្ឋានមួយកាលពីប៉ុន្មានថ្ងៃមុន នៅខណ្ឌដង្កោ ដោយសារទឹកជន់លិច ត្រូវបានអាជ្ញាធរ រកឃើញ និងចាប់បានវិញហើយនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស។ ក្រពើមួយក្បាល ដែលរួចចេញពីកសិដ្ឋានកាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ព្រែកកំពិស និងប្រជាការពារតាមចាប់បានមកវិញហើយ។

 

ក្រោយចាប់បានសមត្ថកិច្ចប្រគល់ក្រពើមួយក្បាលនេះ ជូនម្ចាស់កសិដ្ឋានវិញ និងបានណែនាំម្ចាស់ទីតាំង ត្រូវបង្កើនពង្រឹងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាព។

 

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា កសិដ្ឋានចិញ្ចឹមក្រពើនេះ គឺជាកន្លែងដែលចិញ្ចឹមសត្វក្រពើយូរណាស់មកហើយ ដែលមានម្ចាស់កសិដ្ឋានឈ្មោះ កាំង ស្រៀន និងមានលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ។ ក្នុងកសិដ្ឋាននោះចិញ្ចឹមក្រពើសរុបជាង១,០០០ក្បាល។

 

មូលដ្ឋានសង្កាត់ចំនួន៥ ក្នុងខណ្ឌដង្កោ កំពុងរងនូវការវាយប្រហារយ៉ាងដំណំពីទឹកជំនន់ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរយនាក់ កំពុងធ្វើការសង្គ្រោះប្រជាពលរដ្ឋ និងជម្លៀសចេញពីលំនៅឋាន ដើម្បីទៅយកទីទួលសុវត្ថិភាព។

 

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សត្វក្រពើមួយក្បាលនេះ បានរួចចេញពីកសិដ្ឋានមួយកន្លែងនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទីដែលកំពុងរងនូវការវាយប្រហារដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ៕

 

 

 


អត្ថបទទាក់ទង