អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញកងកំលាំងទាំងបី ចុះសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០ គ្រួសារ នៅស្រុកអង្គស្នួល
ថ្ងៃ សៅរ៏ ទី ១៧ ខែ តុលា ឆ្នាំ ២០២០

កណ្តាល៖ ល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ កងកំលាំងទាំងបី និងអាជ្ញាធរស្រុកអង្គស្នួល អញ្ជើញចុះសំណេះសំណាល និងសាកសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៣០ គ្រួសារ មកពីភូមិចំនួន០៧ ក្នុងភូមិសាស្រ្តឃុំព្រៃពួច ក្នុងនោះមានភូមិប្រមរ ភូមិត្រពាំងរាំង ភូមិព្រៃមាន ភូមិពាម ភូមិទ្រា និងភូមិទួលសាលា ក្នុងស្រុកអង្គស្នួលមកទីទួលសុវត្ថិភាព។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋ លោកអភិបាលខេត្ត សូមឱ្យបងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាច ព្រោះថាអាជ្ញាធរខេត្តមិនបណ្ដោយ ឬទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរនោះឡើយ។

លោកអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរស្រុកអង្គស្នួល និងកងកំលាំងទាំងបី ត្រូវត្រៀមគ្រប់មធ្យោបាយ ដើម្បីជួយប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការជន់លិច មករកទីទួលសុវត្ថិភាព។ ហើយទីទួលសុវត្ថិភាពនេះ ត្រូវត្រៀមនៅអាហារគ្រប់គ្រាន់ មានទឹកស្អាត មានថ្នាំពេទ្យ និងសម្ភារៈសម្រាប់ស្នាក់នៅផងដែរ។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការអនាម័យ ដើម្បីជៀសផុតពីជំងឺផ្សេងៗ និងសូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីគ្រោះថ្នាក់ធម្មជាតិនេះ ជាពិសេសត្រូវយកចិត្តទុកដាក់ដល់ការថែទាំកុមារតូចៗ កុំឱ្យលេងទឹក ដើម្បីបង្ការ និងទប់ស្កាត់នូវគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិជាយថាហេតុ។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ រយៈពេលជាច្រើនថ្ងៃមក ធ្វើឱ្យក្នុងភូមិសាស្ត្រក្នុងខេត្តកណ្តាល បង្កឱ្យមានជំនន់ទឹកភ្លៀងតាមដងស្ទឹងព្រែកត្នោត និងរងប៉ះពាល់ ក្នុងនោះស្រុកអង្គស្នួល ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ បានរងប៉ះពាល់ខ្លាំងជាងគេ បណ្តាលឱ្យលិចលង់ផ្លូវមួយចំនួន ប៉ះពាល់ដល់លំនៅដ្ឋាន ដំណាំស្រូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕

ក្នុងឱកាសនោះដែរលោកអភិបាលខេត្ត បានឧបត្ថម្ភប្រជាពលរដ្ឋ ក្នុងម្នាក់ៗ ថវិកា៤ម៉ឺនរៀល៕ ឆ ដា


អត្ថបទទាក់ទង


Error
Whoops, looks like something went wrong.