ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

គណៈអភិបាលខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យពីផលប៉ះពាល់ ការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប
ថ្ងៃ អង្គារ ទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០

ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប ព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំធ្វើការត្រួតពិនិត្យ និងក្តាប់ពីលទ្ធផលការងារ បញ្ហាប្រឈមក្នុងកំឡុងពេលដែលក្រុមការងារចុះវាស់វែង លើផ្លូវទាំង៣៨ខ្សែ ដោយមានការចូលរួមពីឯកឧត្តម អស់លោក លោកស្រី ជំនាញពាក់ព័ន្ធ នៅសាលប្រជុំសាលាខេត្តសៀមរាប ។
លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចប្រជុំរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល ចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ក្រុមការងារ ជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការវាស់កំណត់អ័ក្សផ្លូវ និងការបើកផ្លូវ ដែលគិតមកត្រឹមថ្ងៃទី២៨ កញ្ញា បានរួចរាល់ចំនួន១៣ខ្សែ មានប្រវែង៥៦គីឡូម៉ែត្រ ស្មើ៥៦% ហើយក្រុមការងារបានកំពុងបន្តធ្វើការរបស់ខ្លួនឲ្យបាន រួចរាល់ផងដែរ ។ ក្នុងនោះដែរលោកអភិបាលក្រុង និងលោកប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ ក៏បានលើកនូវបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារចុះទៅអនុវត្ត ក្នុងការកំណត់នៃផលប៉ះពាល់ផ្លូវទាំង៣៨ខ្សែ ដោយខ្វះការចូលរួមសហការពីប្រជាពលរដ្ឋ មួយចំនួនដែលមានក្បាលដីប៉ះពាល់ ហើយបងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏បានទទួលសាទរចំពោះការស្ថាបនាផ្លូវ ទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ។
ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងនូវអនុសាសន៍មួយចំនួន របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី   ជា សុផារ៉ា និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ិន ចាន់ថុល ក្នុងពេលចុះពិនិត្យមើលស្ថានភាពផ្លូវទាំង៣៨ ខ្សែ នាថ្ងៃទី២៨ និង ២៩កញ្ញា សូមឲ្យក្រុមការងារធ្វើការពិនិត្យ និងកែសម្រួលឡើងវិញ នូវបណ្តាលផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ក្នុងការសម្របសម្រួលនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ ដោយសំណង់មួយចំនួនមានច្បាប់អនុញ្ញាតឲ្យធ្វើការសាងសង់ និងមួយចំនួនគ្មានច្បាប់ ព្រមទាំងមួយចំនួនទៀតបានរំលោភបំពានទៅលើដីចំណី ផ្លូវរបស់រដ្ឋ និងនៅលើផ្លូវតែម្តងក៏មាន ។ ឯកឧត្តមបានបន្តទៀតថា ចំពោះករណីនេះយើងក៏មិនអាចកំណត់បានអំពីលទ្ធផលនៃការវាស់វែងនេះបាននៅឡើយ ដូច្នេះសូមឲ្យក្រុមការងារទាំងអស់ ក៏ត្រូវធ្វើការពិនិត្យឡើងវិញ ដើមី្បយកនូវលទ្ធផលទាំងនោះមកប្រជុំសម្រេចនៅថ្ងៃទី ០១ ខែតុលា ខាងមុខនេះ ។ ក្នុងការវាស់វែងនេះដោយបង្កើតនូវក្រុមការងារចម្រុះ ដែលដឹកនាំដោយរដ្ឋបាលខេត្ត ដោយមានមន្ត្រីមន្ទីរជំនាញចូលរួមផងដែរ ។ ក្នុងនោះឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ និងអាជ្ញាធរក្រុង ក្នុងពេលចុះធ្វើការវាស់វែង ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលនៅសង្ខាងផ្លូវទាំង៣៨ខ្សែ ឲ្យពួកគាត់ត្រូវធ្វើការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូបង្ហូរទឹកកខ្វក់ចេញពីលំនៅដ្ឋានមកភ្ជាប់ជាមួយលូមេអមសង្ខាងផ្លូវផងដែរ ។ ម៉្យាងទៀតរាល់បណ្តាផ្លូវ មួយចំនួនពុំមានជួបការស្មុកស្មាញនោះ ក៏ត្រូវបានប្រជាពលរដ្ឋបានធ្វើការរុះរើជាបណ្តើៗផងដែរ ។ ចំពោះការធ្វើផ្លូវនេះ គឺដើមី្បបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ វាមិនមែនបំផ្លាញប្រជាពលរដ្ឋ ដូចពួកក្រុមជ្រុលនិយមដែលបានលើកឡើងនោះឡើយ ៕ ម៉ី សុខារិទ្ធ


អត្ថបទទាក់ទង