ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

ទូតរុស្ស៉ីថ្មី ប្តេជ្ញាប្រឹងប្រែងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀត ឱ្យកាន់តែរឹងមាំត ឱ្យកាន់តែរឹងមាំ
ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០២០


ភ្នំពេញ៖ ក្នុងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovic) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ី ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកមិត្តភាព និងទំនាក់ទំនងកម្ពុជា-រុស្ស៉ី ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។

ក្រោយបញ្ចប់ជំនួបនេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងក្រោយជំនួបនោះថា៖ ឯកឧត្តម អាណាតូលី បូរ៉ូវីក បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ប្រធានាធិបតីរុស្ស៉ី លោក វ្លាឌីមៀ ពូទីន ជូនចំពោះសម្តេចតេជោ ហ៊ុន សែន។ លោក បូរ៉ូវីក ក៏បានលើកឡើងពីទំនាក់ទំនង រវាងកម្ពុជា-រុស្សីដែលជាទំនាក់ ទំនងដ៏ល្អ ដែលមានលក្ខណៈជាដៃគូ ជាយូរអង្វែងមកហើយ។

ឯកឧត្តមបន្តថា ទំនាក់ទំនង រវាងប្រទេសទាំងពីរមានរយៈពេល៦៤ឆ្នាំមកហើយ ហើយឆ្នាំក្រោយគឺជាខួបលើកទី៦៥ នៃប្រទេសទាំងពីរ លោកនឹងប្រឹងប្រែងធ្វើសកម្មភាពឱ្យបានច្រើន ដើម្បីចូលរួមអបអរនូវទំនាក់ទំនងការទូតខួបទី៦៥ រវាងកម្ពុជានិងរុស្ស៉ី ជាមួយគ្នានោះដែរ លោកក៏នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការពង្រឹងមិត្តភាព និងទំនាក់ទំនងដែលមានស្រាប់នេះ ឲ្យមានការរីកចម្រើនរឹងមាំកាន់តែខ្លាំងឡើង ជាពិសេសលើវិស័យការអភិវឌ្ឍធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត ក៏ដូចជាវិស័យដទៃទៀតផងដែរ។

ឯកឧត្តម អគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ដែលចំណាយពេលក្នុងថ្ងៃខួបទី២៧ នៃការប្រកាសដាក់ឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញកម្ពុជា ហើយនេះគឺជាពេលដ៏វិសេលវិសាលមួយ។ ឯកឧត្តម ក៏បានឆ្លៀតពេលជម្រាបជូនសម្ដេចតេជោផងដែរថា ឯកឧត្តម បានមកកាន់កម្ពុជាតាំងពីឆ្នាំ១៩៨៤ បម្រើការងារជាអនុព័ន្ធយោធារបស់ស្ថានទូតរុស្ស៉ីប្រចាំនៅកម្ពុជា ហើយនៅពេលនោះលោកបានចំណាយពេល៨ឆ្នាំ នៅកម្ពុជាដើម្បីបម្រើការងារការទូត ហើយលោកមានអារម្មណ៍ថា លោកដូចជាសាក្សីនៃដំណើរវិវត្តន៍របស់កម្ពុជា និងទំនាក់ទំនងរបស់កម្ពុជានិងរុស្ស៉ី។

ជាការឆ្លើយតបសម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម អាណាតូលី បូរ៉ូវិក (Anatoly BOROVIK) ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា។

សម្ដេចបានថ្លែងអំណរគុណ ចំពោះការផ្តាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តម វ្លាឌីមៀ ពូទីន និងការជូនសព្វសាធុការពរជូនសម្ដេច។ សម្ដេចតេជោ បានយល់ស្របជាមួយនឹងអ្វីដែល ឯកឧត្តម បូរ៉ូវិក បានលើកឡើង ស្ដីអំពីទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៉ី។ សម្ដេចបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលរុស្ស៉ី ក៏ដូចជាប្រជាជនរុស្ស៉ីដែរ ដែលបានជួយកម្ពុជាកន្លងមក ជាពិសេសនៅក្នុងទសវត្សរ៍៨០ ដែលកម្ពុជានៅពេលនោះ កំពុងជួបនូវការពិបាកយ៉ាងច្រើន បន្ទាប់ពីរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ជំនួយរបស់រុស្ស៉ីពេលនោះ ជាមូលដ្ឋានគ្រឹះសម្រាប់ការស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្ដល់ជំនួយលើវិស័យអប់រំដែលវិស័យនោះ បាននាំមកនូវធនធានមនុស្សដ៏ល្អ សម្រាប់បម្រើការងារនៅកម្ពុជា សម្រាប់ជួយជំរុញកម្ពុជារហូតមកដល់ថ្ងៃនេះ។

សម្ដេចតេជោ បានសម្តែងនូវការអបអរសាទរចំពោះរុស្ស៉ីផងដែរ ដែលបានរកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩, សម្ដេចបានមានប្រសាសន៍ថា ការរកឃើញវ៉ាក់សាំងប្រឆាំងជំងឺកូវីដនេះ នឹងអាចជួយដល់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ដែលកំពុងតែធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ក៏ដូចជាទំនាក់ទំនងពិភពលោកមានការយឺតយ៉ាវ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម បូរ៉ូវិក ឲ្យទទួលបានជោគជ័យក្នុងបេសកកម្មកាទូតនៅកម្ពុជាផងដែរ៕

 


អត្ថបទទាក់ទង