ព័ត៌មានទាន់ហេតុការណ៍
 1. គម្រោងវិនិយោគអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង  2. ធនាគារជាតិ នៃកម្ពុជា ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់  3. ព្យុះទី១៧ឈ្មោះ សូដែល (SAUDEL) នឹងថយឥទ្ធិពលលើប្រទេសកម្ពុជា ប៉ុន្តែនឹងមានខ្យល់បោកបក់ខ្លាំងនៅតំបន់សមុទ្រ  4. ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២០  5. រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីអំពាវនាវបន្ថែម នៅថ្ងៃទី១៨ ខែតុលា នេះ ស្នើឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទូទាំងខេត្តបន្ទាយមានជ័យ បង្កើនការប្រុងប្រយ័ត្នខ្ពស់ បង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ដោយកត្តាគ្រោះទឹកជំនន់

រដ្ឋបាលខេត្តបាត់ដំបង បានជម្រុញឲ្យអាជ្ញាធរស្រុកនិងរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុករុក្ខគីរីត្រូវបង្កើនការប្រុងប្រយ័ត្ន និង ត្រៀមទីទួលសុវត្ថិភាព ដើម្បីជន្លៀសប្រជាជនពីតំបន់ប្រឈមដោយជំនន់ ទឹកភ្លៀងក្បាលស្ទឹងមោង ក្នុងស្រុករុក្ខគីរី
ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំ ២០២០

  ដោយសារតែប៉ុន្មានថ្ងៃនេះ ខេត្តបាត់ដំបងបានទទួលរងនូវសម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់គ្របដណ្តប់ស្ទើរគ្រប់កន្លែងក្នុងខេត្តបណ្តាលឲ្យមានជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងខេត្ត។ជាពិសេសក្នុងស្រុករុក្ខគីរី ដោយនៅទីនោះស្ថានភាពជំនន់ទឹកភ្លៀងបានធ្វើឲ្យទំនប់អាងបាសាក់ ដែលស្ថិតក្នុងឃុំបាសាក់ បានកើនហក់ឡើងនូវកម្ពស់ទឹកប្រមាណជិត៦ម៉ែត្រកាលពីថ្ងៃទី១៩ខែកញ្ញានេះនិងបង្កឲ្យទ្វារទឹកចំនួន៣ទ្វារបានគ្រលាស់ហូរទឹកទម្លាក់ចុះមកស្ទឹងមោង ហើយនៅផ្នែកខ្លះក្នុងតំបន់ទំនាបមុខទឹកហូរឆ្លងកាត់ មានការលិចលង់ភូមិដ្ឋានផ្ទះសម្បែង ទឹកហូរកាត់ផ្លូវក្នុងភូមិ នៅកន្លែងមួយចំនួន និងដំណាំចម្ការមួយចំនួន ក្នុងភូមិឈូកក្នុងឃុំបាសាក់ និងនៅភូមិបឹងអំពិល ក្នុងឃុំព្រែកជីក។

      នេះបើតាមការគូសបញ្ជាក់ពីលោក ផេង ផល អភិបាលរងស្រុករុក្ខគីរី ដែលបានអមដំណើរជាមួយឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត និងជាតំណាង ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក្នុងការចុះត្រួតពិនិត្យមើលពីស្ថានភាពទឹកជំនន់ក្នុងស្រុកនេះ នៅព្រឹកថ្ងៃទី ២០ខែកញ្ញានេះ។ ខណៈដែលស្ថានភាពជំនន់ទឹកភ្លៀង និងភ្លៀងនៅតែបន្តធ្លាក់ក្នុងភូមិសាស្ត្រស្រុកនេះ។

      លោក ផេង ផល អភិបាលរងស្រុករុក្ខគិរី និង ទទួលបន្ទុកគ្រោះមហន្តរាយ បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ ទឹកជំនន់នេះ បានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ ចាប់តាំងពីថ្ងៃទី១៧រហូតមក។ដោយសារតែទំនប់អាងបាសាក់ គឺជាប្រភពទឹកផ្នែកខាងលើក្បាលស្ទឹងមោង គឺបានបង្កឲ្យជន់ឡើងរហូតដល់ជិត៦ម៉ែត្រ ហើយភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ធ្វើឲ្យទ្វារទឹកអាងបានគ្រលាស់ (បើកចំហរខ្លួនឯង)ចំនួន៣ទ្វារក្នុងចំណោម៧ទ្វារនិងបង្កឲ្យមានទឹកហូរធ្លាក់តាមទំនប់ក្បាលហុងព្រែកជីក និងបន្តធ្លាក់ចែកចាយទៅកាន់ស្ទឹងមោងនិងផ្នែកខ្លះរបស់ស្រុកមោងឫស្សី និងបណ្តាស្រុកជិតខាងមួយចំនួនទៀត ។

         លោកបានបន្តថា៖ បើទោះបី មានទឹកជំនន់នេះ បានហូរកាត់លិចផ្លូវលំដុបៗនៅក្នុងភូមិមួយចំនួន នៅក្នុងឃុំបាសាក់។តែផលប៉ះពាល់ លិចដំណាំ នៅមិនទាន់មាននោះទេ ព្រោះជំនន់ទឹកភ្លៀងបែបនេះវាមានរយៈពេលខ្លី។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖ថ្មីៗនេះអាជ្ញាធរស្រុកបានធ្វើការណែនាំដល់រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ក្នុងស្រុក ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការប្រុងប្រយ័ត្នពីជំនន់ទឹកភ្លៀងក្នុងតំបន់ប្រឈមគ្រោះថ្នាក់ និងដើម្បីត្រៀមជន្លៀសប្រជាពលរដ្ឋ នាំទៅកាន់ទីទួលសុវត្ថិភាពរបស់ស្រុក។ តែទោះបីយ៉ាងណា លោកអភិបាលរងស្រុករូបនេះ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា៖ នៅព្រឹកថ្ងៃទី២០ខែកញ្ញានេះ កម្ពស់ទឹកនៅក្នុងអាងបាសាក់ បានថមថយ ដោយកម្ពស៎ទឹកនៅត្រឹម ៥ម៉ែត្រប៉ុណ្ណោះ។

        ក្នុងពេលចុះទៅពិនិត្យមើលពីស្ថានភាពទឹកជំនន់ នៃជំនន់ទឹកភ្លៀងនៅទំនប់អាងបាសាក់ ក្នុងស្រុករុក្ខគីរីនេះ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង និងវត្តមានលោក អ៉ិន សុមុនី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្ត រួមនិងមន្រ្តីលេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត  ព្រមទាំងលោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ និងកងកម្លាំងនៅទីនោះ។
ក្នុងនោះឯកឧត្តមអភិបាលរងខេត្តបានថ្លែងឲ្យដឹងថា៖បញ្ហាទឹកជំនន់នេះ អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានចាត់ឲ្យអាជ្ញាធរនៅតាមស្រុកដែលជាប់នឹងដងស្ទឹងមោង ត្រូវឲ្យធ្វើការបើកទ្វារទឹកតាមប្រឡាយនានា ដើម្បីឲ្យទឹកហូរចែកចាយទឹកទៅកាន់តំបន់មួយចំនួនផ្សេងទៀត និងដើម្បីបញ្ចៀសកុំឲ្យមានការលិចលង់ នៅផ្នែកខាងក្រោម។
       ឯកឧត្តមអភិបាលរងខេត្ត ក៏បានឲ្យដឹងទៀតថា៖ សម្រាប់ស្ថានភាពទឹកជំនន់នេះក៏មិនទាន់បង្កជាបញ្ហាធ្ងន់ធ្ងរនោះទេ។ខណៈដែលទឹកជំនន់ នៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបង និង ស្ទឹងផ្សេងៗទៀតក្នុងខេត្តក៏នៅមិនទាន់មានទឹកជំនន់ជន់ឡើងដូចឆ្នាំកន្លងទៅ។តែទោះបីយ៉ាងណា អាជ្ញាធរខេត្តនៅតែត្រៀមវិធានការណ៍ទប់ស្កាត់ខណៈដែលនៅផ្នែកខាងលើ នៃប្រភពក្បាលស្ទឹងសង្កែ អាចនិងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពេលប៉ុន្មានថ្ងៃនេះ ។

     ឯកឧត្តម អ៊ុយ សុធាវី បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា៖អាជ្ញាធរខេត្តបាត់ដំបង ក៏បានត្រៀមបំរុងទីទួលសុវត្ថិភាពនៅទូទាំងខេត្ត សរុបជាង ២០០កន្លែង រួចរាល់ហើយដែរ ដើម្បីត្រៀមជន្លៀសប្រជាពលរដ្ឋ ដែលស្ថិតនៅតំបន់ប្រឈមដោយសារទឹកជំនន់ រងការលិចលង់ផ្ទះសម្បែងពួកគាត់។ ដោយឡែក នៅក្នុងស្រុករុក្ខគិរី អាជ្ញាធរក៏បានរៀបចំ នូវទីទួលសុវត្ថិភាពចំនួន២កន្លែងផងដែរ ដើម្បីត្រៀមបម្រុងទុក គឺ៖ នៅក្នុងវត្តអង្គកែវ និង សាលាបឋមសិក្សា ឈូក ស្ថិតក្នុងឃុំបាសាក់។ ហើយក្នុងនោះក្រុមការងារ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានរាយការណ៍ជូនទៅថ្នាក់ជាតិជាបន្តបន្ទាប់ផងដែរ ពីស្ថានភាពទឹកជំនន់កើតឡើងនៅទីនេះ និងនៅតាមបណ្តាស្រុកនានា ផងដែរ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )