លោក ចូ បៃដិន ចោទលោក ដូណាល់ ត្រាំ ថា បានក្បត់ប្រជាជនអាមេរិក ក្រោយសារភាពថា លោកបាននិយាយសម្រាលស្ថានការណ៍ជំងឺ COVID-19
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០

សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីអាមេរិកបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថា បានក្បត់ប្រជាជនអាមេរិក ព្រោះខ្លួនមានកាតព្វកិច្ចជាប្រធានាធិបតី តែបែរជាមិនបានប្រាប់អំពីគ្រោះថ្នាក់ នៃវីរុសកូរ៉ូណាថ្មីឲ្យច្បាស់លាស់ ទើបធ្វើឲ្យសោកនាដកម្មដ៏ធំធេងកើតឡើង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។

ការវាយប្រហារចំៗលើលោក ដូណាល់ ត្រាំ ពីសំណាក់លោក ចូ បៃដិន ខាងលើនេះ ធ្វើឡើងក្រោយដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតលោក ប៉ុប វូដវើដ កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ ពោលគឺប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយការប្រកាសភាពអាសន្ន លោក ដូណាល់ ត្រាំ បាននិយាយថា លោកមានបំណងនិយាយមើលស្រាលពីស្ថានការណ៍... ពីព្រោះលោកមិនចង់បង្កឱ្យមានការភ័យខ្លាចជ្រុសហួសហេតុ ។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះ ត្រូវបានលោក ប៉ុប វូដវើដ សរសេរចងក្រងជាសៀវភៅមួយ ហើយនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ខណៈលោក ដូណាល់ ត្រាំ កំពុងរងការរិះគន់ជុំវិញការដោះស្រាយវិបត្តិ COVID-19 ដែលបានសម្លាប់ជីវិតពលរដ្ឋអាមេរិក១៩ម៉ឺន៥ពាន់២៣៩នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង៦.៥លាននាក់ ៕

 


អត្ថបទទាក់ទង