រដ្ឋាភិបាលស្វីសបានអនុម័តថវិកាបន្ថែមទៀតចំនួន ២លាន៥សែនដុល្លារអាមេរិក ជួយដល់កម្ពុជាក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០

ការបញ្ជាក់ពីការអនុម័តថវិការនោះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជាមួយលោក Markus Buerli ប្រធានទីភ្នាក់ងារសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ថ្មីប្រចាំកម្ពុជានៅថ្ងៃទី៩កញ្ញាឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនោះ, លោកអគ្គបណ្ឌិតសភាចារ្យ និងលោក Markus Buerli បានពិភាក្សាអំពីកិច្ច- សហប្រតិបត្តិការទ្វេភាគី និងវឌ្ឍនភាពការងារសំខាន់ៗមួយចំនួន រួមទាំងវិធានការគោលនយោបាយដែលបាន និង កំពុងអនុវត្តដោយរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ លើវិស័យសេដ្ឋកិច្ច ជាពិសេស អន្តរាគមន៍របស់រាជរដ្ឋាភិបាល តាមរយ:ការដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះ ក្នុងអំទ្បុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងវឌ្ឍនភាពនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយ និងទប់ស្កាត់ចំពោះផលប៉ះពាល់មក លើសេដ្ឋកិច្ច, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន៥ ជុំរួចមកហើយដោយផ្តោត លើការរក្សាលំនឹងជីវភាពប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ការស្រោចស្រង់ និង រក្សាលំនឹងអាជីវកម្ម-ធុរកិច្ច និង ការត្រៀមស្តារសេដ្ឋកិច្ចពីវិបត្តិនៃជំងឺកូវីដ-១៩ ទ្បើងវិញ។

ក្នុងនោះ, រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងគោល បំណងជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ។ គិតត្រឹមថ្ងៃទី៨កញ្ញា ឆ្នាំ ២០២០ , រាជរដ្ឋាភិបាលបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ប្រមាណ ៧៨លាន២សែន៧ម៉ឺនដុល្លារអាមេរិក ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ហើយរាជរដ្ឋាភិបាលនៅបន្ដពិនិត្យ និង តាមដាននូវឥទ្ធិពលនៃ វិបត្តិជំងឺកូវីដ-១៩ មកលើជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយត្រៀមលក្ខណៈដើម្បីបន្តអនុវត្ត កម្មវិធីជំនួយសង្គម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ។

ពាក់ព័ន្ធនឹងការគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា, លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានបន្ថែមថា នេះជាឆ្នាំទី ៣ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបង្កើតទ្បើង ។ ក្នុងរយៈពេល ៨ ខែ ពីខែមករាដល់ខែសីហាឆ្នាំ២០២០ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានវិភាគទានសរុបចំនួន១៥លាន៩សែន៤ម៉ឺន៩ពាន់៤៧៤ដុល្លារអាមេរិក គឺមានការថមថយបន្តិចបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ដោយសារ តែឥទ្ធិពលនៃជំងឺកូវីដ-១៩ ។ លោក Markus Buerli បានកោតសរសើរអំពីវិធានការដែលដាក់ចេញដោយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានទទួលស្គាល់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ក្នុងការចូលរួមចំណែកផ្តល់ហិរញ្ញប្បទាន ដើម្បីរក្សាចីរភាពនៃកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ។

លោក Markus Buerli ក៏បានជម្រាបជូនថា ក្រៅពីការបន្តជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលស្វីស បានអនុម័តថវិកាបន្ថែមទៀតចំនួន២លាន៥សែនដុល្លារអាមេរិក ដល់កម្ពុជា ដោយផ្តោតលើការអនុវត្តកម្មវិធីដូចជា ការបណ្តុះបណ្តាលជំនាញសម្រាប់រយៈពេល ខ្លី,ការអភិវឌ្ឍវិស័យកសិកម្ម និងការដាំដុះតាមផ្ទះ ជាដើម ។

លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណ ជាថ្មីម្តងទៀតដល់រដ្ឋាភិបាលស្វីស តាម រយៈ SDC ដែលបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា និងបានជូនពរសូមឱ្យលោក Markus Buerli បំពេញ បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយជោគជ័យ ៕

 


អត្ថបទទាក់ទង