រដ្ឋធានីរបស់ឥណ្ឌូនេស៊ីវិលទៅរកការរឹតបន្តឹងជាថ្មីទៀត ដោយសារករណីឆ្លង COVID-19 នៅតែបន្តកើនឡើង
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២០

ឥណ្ឌូនេស៊ី៖ អភិបាលក្រុងហ្សាការតា លោក អានីស បាសវេដាន នៅថ្ងៃពុធម្សិលមិញ បានបញ្ជាក់ថា វិធានការរឹតបន្តឹងនឹងត្រូវបានដាក់ឱ្យអនុវត្តឡើងវិញនៅរដ្ឋធានីហ្សាការតា ចំពេលដែលករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 នៅតែបន្តកើនឡើង នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ។

លោក អានីស បាសវេដាន បាននិយាយតាមរយៈវីដេអូផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុកថា ឥឡូវនេះ យើងស្ថិតក្នុងស្ថានភាពបន្ទាន់មួយ ដែលមានវិធានការតឹងរឹងជាងមុន ។ លោកបន្ថែមថា យើងបានអនុវត្តវានៅក្នុងដំណាក់កាលដំបូងនៃការផ្ទុះជំងឺនេះ... កុំចាកចេញពីផ្ទះប្រសិនបើវាមិនចាំបាច់... កុំចាកចេញពីទីក្រុងហ្សាការតាប្រសិនបើគ្មានការបន្ទាន់ទេ ។

សូមបញ្ជាក់ថា ទីក្រុងហ្សាការតា របស់ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ករណីឆ្លងវីរុសថ្មីៗចំនួន១ពាន់៤ករណីនៅថ្ងៃពុធនេះ ដែលនាំឱ្យមានករណីឆ្លងសរុបនៅរដ្ឋធានីមួយនេះកើនឡើងដល់៤ម៉ឺន៩ពាន់៣៩៧ករណី ខណៈទីក្រុងនេះក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីចំនួន១៧នាក់ផងដែរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់១ពាន់៣៣៤នាក់ ៕

 

 


អត្ថបទទាក់ទង