សេដ្ឋកិច្ចរបស់ឥណ្ឌាធ្លាក់ចុះ២៣.៩ភាគរយ ខណៈតួលេខនេះអាក្រក់បំផុតមិនធ្លាប់ជួបក្នុងរយៈពេល២៤ឆ្នាំ ដោយសារតែវិបត្តិ COVID-19
ថ្ងៃ អង្គារ ទី ០៨ ខែ កញ្ញា ឆ្នាំ ២០២០

ឥណ្ឌា៖ សេដ្ឋកិច្ចប្រទេសឥណ្ឌាបានធ្លាក់ចុះ២៣.៩ភាគរយនៅក្នុងត្រីមាសខែមេសា ដល់ខែមិថុនាកន្លងទៅ ដែលនេះជាលទ្ធផលអាក្រក់បំផុតក្នុងរយៈពេល២៤ឆ្នាំ ដោយសារតែជម្ងឺរាតត្បាតជាសកល COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រ ។

ជាមួយគ្នានេះ សេដ្ឋវិទូជាច្រើនបាននិយាយថា ផលប៉ះពាល់ដែលបណ្តាលមកពីការធ្លាក់ចុះសេដ្ឋកិច្ច អាចនឹងកាន់តែអាក្រក់នៅក្នុងវិស័យក្រៅផ្លូវការ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ ឥណ្ឌា ដែលរងផលប៉ះពាល់ខ្លាំងជាងវិស័យណាៗទាំងអស់ ក្នុងអំឡុងពេលបិទប្រទេសនៅខែមេសា ដល់ខែមិថុនាកន្លងទៅ ។

មានក្តីសង្ឃឹមជាច្រើនផងដែរសម្រាប់ការងើបឡើងវិញខ្លះៗនៅត្រីមាសបន្ទាប់ ខណៈកម្មករចំណាកស្រុករាប់សែននាក់ ដែលវិលត្រឡប់ទៅស្រុកកំណើតក្រោយបាត់បង់ការងារ អំឡុងពេលបិទប្រទេស ចាប់ផ្តើមត្រឡប់មកទីក្រុងធំៗបណ្តើរៗ ខណៈកន្លែងការងារខ្លះបានបើកឡើងវិញ ប៉ុន្តែក្តីរំពឹងនៅតែមិនល្អ សម្រាប់មនុស្សភាគច្រើនដែលបាត់បង់ការងារធ្វើ ។

សូមបញ្ជាក់ថា ការិយាល័យស្ថិតិជាតិឥណ្ឌាបានឱ្យដឹងថា ការធ្លាក់ចុះខាងលើនេះ បានកើតឡើងបន្ទាប់ពីមានកំណើន៣.១ភាគរយនៅក្នុងត្រីមាសមុន ដែលជាកំណើនទាបបំផុតក្នុងរយៈពេលយ៉ាងតិច៨ឆ្នាំ ៕


អត្ថបទទាក់ទង