សហរដ្ឋអាម៉េរិកទាត់ចោលការចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាសកល ក្នុងគម្រោងផលិតវ៉ាក់សាំង COVID-19
ថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានអះអាងថា ប្រទេសរបស់លោកនឹងមិនចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ក្នុងការអភិវឌ្ឍ ផលិត និង ចែកចាយវ៉ាក់សាំង COVID-19 ប្រកបដោយសមធម៌នៅទូទាំងពិភពលោកឡើយ នេះបើតាមសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។

អ្នកនាំពាក្យសេតវិមានក៏ធ្លាប់បានប្រកាសកាលពីដើមសប្តាហ៍នេះផងដែរថា ទោះបីជាសហរដ្ឋអាម៉េរិកមិនអាចសម្រេចបានការផលិតវ៉ាក់សាំង COVID-19 នាពេលខាងមុខក្តី ក៏ខ្លួនអាចទិញពីបណ្តាប្រទេសសម្ព័ន្ធមិត្តបាន តាមរយៈកិច្ចព្រមព្រៀងដែលធ្វើឡើងរួចទៅហើយ និង នាពេលអនាគតបន្ថែមទៀត ។

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោក WHO បច្ចុប្បន្នមានប្រទេសជាង១៧០ កំពុងដាក់ពាក្យចូលរួមក្នុងកម្មវិធីអភិវឌ្ឍ និងចែកចាយវ៉ាក់សាំងរបស់អង្គការអន្តរជាតិនេះ ដែលមានឈ្មោះថា ខូវ៉ាក់ ហើយកម្មវិធីនេះដែរ គឺជាគំនិតផ្តួចផ្តើមថ្នាក់អន្តរជាតិ ដើម្បីធានាឲ្យបានថា គ្រប់ប្រទេសជាសមាជិកទាំងអស់ នឹងទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងស្មើភាពគ្នា ៕


អត្ថបទទាក់ទង