កីឡាការិនី ហែមថុន វិទិនី ពន្យល់ថា វិស័យកីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើន ប្រសិនជាយើង ចេះ រៀបចំផែនការអនាគតអោយបានត្រឹមត្រូវ
ថ្ងៃ អង្គារ ទី ០១ ខែ កញ្ញា ឆ្នាំ ២០២០

ហែមថុន វិទិនី ដែលជាកីឡាការិនីហែលទឹកស្រស់ស្អាត ធ្លាប់មានស្នាដៃជាច្រើនប្រកួតតំណាងអោយកម្ពុជា លើឆាកជាតិ-អន្តរជាតិ បានពន្យល់ថា ការចូលប្រឡូកក្នុងវិស័យកីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើន ប្រសិនជាយើងដាក់ចិត្ត ដាក់បេះដូងចេះថែរក្សា និងអោយតម្លៃវា ជាពិសេសចេះទទួលយកអត្ថប្រយោជន៍ទាំងនោះ ដើម្បីរៀបចំផែនការអនាគតសំរាប់ជីវិត ក្រោយបញ្ចប់អាជីពមួយនេះ ។ ការលើកឡើងយ៉ាងដូច្នេះ ស្របពេលដែលកីឡាការិនី រូបនេះកំពុងបង្វឹកហាត់ក្មេងៗ កាលពីពេលកន្លងទៅថ្មីៗនេះ នៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

កីឡាការិនី ហែម ថុនវិទិនី ពន្យល់ទៀតថា ដំបូងឡើយពេលយើងនៅជាកីឡាករ កីឡាការិនី យើងជាអត្តពលិកតំណាងអោយកម្ពុជា ដណ្តើមមេដាយ និងបង្ហាញអ្វីដែលជាមោទនភាពសម្រាប់ជាតិ នៅលើឆាកអន្តរជាតិ ហើយមួយវិញទៀត ទោះជាបញ្ចប់អាជីពជាកីឡាករ កីឡាការិនីក៏ដោយ ប៉ុន្តែយើងអាចក្លាយជា គ្រូអប់រំកាយ និងកីឡា នៅស្ថាប័នរដ្ឋ ជាដើម ។

សូមបញ្ជាក់ថា ក្រៅពីអាជីពជាកីឡាការិនីហែលទឹក វិទិនី បច្ចុប្បន្នក៏ជាគ្រូអប់រំកាយ និងកីឡានៅក្នុងស្ថាប័នរដ្ឋ និងជាគ្រូបង្វឹកហែលទឹកក្រៅម៉ោង តែមិនទាន់ក្លាយជាគ្រូបង្វឹកអាជីពនៅឡើយទេ ប៉ុន្តែ វិទិនី ក៏ជាអ្នកតំណាងអោយផលិតផលថែរក្សាសម្ផស្សអោយក្រុមហ៊ុនមួយចំនួន ក្នុងស្រុក និងក្រៅស្រុក និងជាអគ្គរាជទូតសុឆន្ទៈ របស់ផលិតផលកីឡាមួយចំនួនទៀតផងដែរ ៕

 


អត្ថបទទាក់ទង