ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន ជួយផ្តល់ការគាំទ្របច្ចេកទេស និងតាមដានពិនិត្យ ក្នុងគ្រាដែលកសិករជួបបញ្ហាប្រឈមនានា ហើយរួមគ្នាជួយដោះស្រាយឲ្យបានទាន់ពេលវេលា
ថ្ងៃ ច័ន្ទ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២០

ខេត្តព្រះវិហារ៖ ប្រសាសន៍លើកឡើងរបស់ លោករដ្ឋមន្ត្រី វេង សាខុន គឺបានធ្វើឡើងនៅក្នុងគ្រា ដែលលោករដ្ឋមន្ត្រី បានដឹកនាំមន្ត្រីជំនាញជាន់ខ្ពស់របស់ក្រសួងកសិកម្ម ចុះជួបសួរសុខទុក្ខ សំណេះ សំណាល និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី ជូនប្រជាកសិករប្រមាណ ៥០គ្រួសារ នៅថ្ងៃទី២៦កក្កដាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិពោធិ៍ឃឿន ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។

ដំណើរឆ្ពោះទៅកាន់ទីជនបទ របស់លោករដ្ឋមន្ត្រី វេង សាខុន ក៏មានការចូលរួមពី អភិបាលខេត្តព្រះ វិហារ លោក ប្រាក់ សុវណ្ណ អភិបាលរងខេត្ត លោក ស៊ូ សិរី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ពឹង ទ្រីដា ព្រមទាំងមន្ត្រីក្រោមឧិវាទជាច្រើនរូប ថែមទៀតផងដែរ។

លោក ពឹង ទ្រីដា បានរាយការណ៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ  នៅក្នុង ដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩នេះ មន្ទីរបានទទួលកញ្ចប់ថវិកាពិសេស ពីរាជរដ្ឋាភិបាល តាមរយះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ចុះអនុវត្ត សកម្មភាពគាំទ្រទុន និងបច្ចេកទេសដល់ប្រជាកសិករ លើការងារចិញ្ចឹមត្រីអណ្តែង ចំនួន ១០០គ្រួសារ ចិញ្ចឹមសត្វកង្កែប ចំនួន ៧០គ្រួសារ និងការផលិតកូនត្រី ចំនួន ៥គ្រួសារ ថែមទៀត។

លោកថា ក្រៅពីនេះ ក៏នៅមានគម្រោងដៃគូផ្សេងទៀត បានចូលរួមចំណែក ក្នុងការផ្តល់បច្ចេកទេស ដល់កសិករចិញ្ចឹមត្រី ២៥០គ្រួសារ និងចងក្រងជាបណ្តុំកសិករ ២បណ្តុំ ដើម្បីងាយស្រួលក្នុងការចរចាជាមួយទីផ្សារ។ លោក ប្រធានមន្ទីរកសិកម្មខេត្ត បានលើកបង្ហាញពីបទពិសោធន៍ នៅក្នុងការចិញ្ចឹមសត្វកង្កែប និងត្រីអណ្តែង ក្នុងតង់ប្លាស្ទិក ដែលកសិករកំពុងតែចិញ្ចឹមនៅគ្រាបច្ចុប្បន្ន។ លោកថា ប្រជាកសិករ បានចាប់ផ្តើមសាក ល្បងចិញ្ចឹមសត្វកង្កែប ក្នុងតង់ផ្លាស្ទិក តាំងពីឆ្នាំ២០១៨ នោះមក គឺមានចំនួន ៥តង់ សរុប មានចំនួន ៦០ម៉ែត្រក្រឡា និងចិញ្ចឹមត្រីអណ្តែង ក្នុងតង់ប្លាស្ទិក ចំនួន ២តង់ សរុប ៤០ម៉ែត្រក្រឡា។

លោក ពឹង ទ្រីដា បានបញ្ជាក់ថា ជាមធ្យមប្រជាកសិករ អាចចិញ្ចឹមសត្វកង្កែប និងត្រីអណ្តែង បានក្នុង១ឆ្នាំ ៣ដង ដោយក្នុងនោះ បានចាប់សត្វកង្កែបលក់ ១ពាន់ ៨០០គីឡូក្រាម ក្នុង១ឆ្នាំ ហើយទទួល បានប្រាក់ចំណេញ ប្រមាណ ១០.៥លានរៀល «១០លានរៀលកន្លះ» និងត្រីអណ្តែងចាប់លក់បាន ២ពាន់ ៧០០គីឡូក្រាម ក្នុង១ឆ្នាំ ដោយទទួលបានប្រាក់ចំណេញ ប្រមាណជាង ២៤លានរៀល។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់ប្រជា កសិករទាំងអស់ ពីសំណាក់សម្តេចតេជោ សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងពីរ តែងតែនឹករលឹក និងខ្វល់ខ្វាយពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ជានិច្ច។ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្នុងបរិការណ៍ នៃបញ្ហាការរីករាលដាល ជំងឺកូវីដ១៩នេះ ដើម្បីធានាដល់សន្តិសុខស្បៀង បង្កើនឱកាសការងារ និងប្រាក់ចំណូល ជូនប្រជាកសិករ សម្តេចតេជោ សែន នាយករដ្ឋមន្រ្តី បានដាក់ចេញ នូវយុទ្ធនាការជំរុញលើការអនុវត្តសកម្មភាពវារីវប្បកម្ម នៅទូទាំងប្រទេស ។

ហើយនៅក្នុងពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកមកនូវ សម្ភារៈមួយចំនួន ដើម្បីចែកជូនកសិករជានិម្មិតរូប ចំនួន ៥០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន កូនត្រីអណ្តែង ៧០០ក្បាល ឬកូនកង្កែប ៤០០ក្បាល ចំណីត្រី និងចំណីសត្វកង្កែប ១០០គីឡូក្រាម ថែមទៀត។ លោករដ្ឋមន្រ្តី វេង សាខុន បានថ្លែងលើកទឹកចិត្ត ដល់ប្រជាកសិករគ្រប់រូប អោយបន្តខិតខំ ប្រឹងប្រែង ក្នុងការចិញ្ចឹមត្រី និងសត្វកង្កែប ដើម្បីធានាដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ឲ្យបានពេញលេញ ស្របតាមតម្រូវការចាំបាច់របស់យើងសព្វថ្ងៃនេះ។

លោករដ្ឋមន្រ្តី បានជំរុញដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដូចជាអាជ្ញាធរក្នុងមូលដ្ឋាន សូមជួយផ្តល់ការគាំទ្របច្ចេកទេស ឲ្យបានពេញលេញ និងតាមដានពិនិត្យ ក្នុងគ្រាដែលប្រជាកសិករ ជួបបញ្ហាប្រឈមនានា ដើម្បីដោះស្រាយបានទាន់ពេលវេលា និងក៏ត្រូវបន្ត រៀបចំយន្តការដោះស្រាយទីផ្សារ ជូនប្រជាកសិករ ដើម្បីទប់ស្កាត់ការធ្លាក់ចុះ នៃតម្លៃ នៅលើទីផ្សារ ផងដែរ៕ ដោយ៖ឡុង សំបូរ

 


អត្ថបទទាក់ទង