ព័ត៌មានទាន់ហេតុការណ៍
 1. អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង១៩.៥លាននាក់ ក្នុងនោះស្លាប់ជាង៧២ម៉ឺននាក់ និងជាសះស្បើយជាង១២.៥លាននាក់  2. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  3. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  4. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  5. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប នៅខេត្តព្រៃវែង នាព្រឹកនេះ
ថ្ងៃ អង្គារ ទី ១៤ ខែ កក្កដា ឆ្នាំ ២០២០

ព្រៃវែង៖ នៅព្រឺកថ្ងៃ ទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការងារវារីវប្បកម្ម នៅកម្ពុជា និងការងារមួយចំនួននៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹក សាបក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង របស់រដ្ឋបាលជលផល ។

ឯ,ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានហៅវត្តមានរបស់សម្តេច តេជោ ចុះទៅកាន់ខេត្តព្រៃវែងនេះ ជាសក្ខីភាពមួយឆ្លុះបញ្ចាំងឱ្យយ៉ាងច្បាស់អំពីការអបអរសាទរទិវា មច្ឆជាតិ ១កក្កដា និងរុក្ខទិវា ៩ កក្កដា ដែលកម្ពុជាពុំបានប្រារព្ធធ្វើនៅឆ្នាំនេះ ព្រោះតែជំងឺកូវីដ១៩។ ដំណើរទស្សនកិច្ច និងសំណេះសំណាលជាមួយកសិកររបស់សម្តេចតេជោនៅពេលនេះ ជាសកម្មភាព មួយ ជួយបំផុសចលនាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជា កសិករ ឱ្យធ្វើការដាំដុះដំណាំស្បៀងតាមគោលការណ៍អភិវឌ្ឍន៍បៃតង ការចិញ្ចឹមសត្វ និងវារីវប្បធម្ម ឱ្យបានសកម្មនៅក្នុងយុគសម័យ នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជា កំពុងមានការអភិវឌ្ឍពី ប្រទេសពឹងផ្អែកលើវិស័យកសិកម្ម ទៅជាកសិ-ឧស្សាហកម្មវិញនេះ។

ឯ,ឧ វេង សាខុន បានឱ្យដឹងថា មជ្ឈមណ្ឌលនេះ មានផ្ទៃដីជាង១៦ហ.ត ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍ ។ ភារកិច្ច សំខាន់បួនរបស់មជ្ឈមណ្ឌលគឺទី១. បន្សុតនិងបង្កាត់ពូជនិងអភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ,  ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ,ទី៣.បណ្តុះបណ្តាល បច្ចេកទេសដល់ប្រជាកសិករ និងទី៤.ផ្តល់ប្រឹក្សាយោបល់អំពីបញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម ។

បច្ចប្បន្ន មជ្ឈមណ្ឌលកំពុងធ្វើការសិក្សាស្រាវ ជ្រាវបង្កាត់ពូជត្រីដោយបានចែកចេញជាត្រីផលិតកម្មមានដូចជាត្រីពោ ត្រីប្រាត្រីអណ្តែងរឹង អណ្តែង ទន់ ត្រីឆ្ពិន ត្រីកាប បង្កងនិងកង្កែប ។ នាពេលអនាគតរដ្ឋបាល ជលផលដែលជាអាណាព្យាបាលមជ្ឈមណ្ឌល នឹងខិតខំបង្កើនការសិក្សាស្រាវជ្រាវអំពីចំណី ពូជ គុណភាពទឹក ផលប៉ះពាល់លើផលិតកម្ម ដោយសារការប្រែប្រួលអាកាសធាតុ ស្តង់ដារចិញ្ចឹម ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិន្នាការទីផ្សារ ទៅតាមប្រភេទត្រី និងរដូវផលិត និងធ្វើការអភិរក្សពូជត្រីទឹកសាប បង្កាត់ភ្ញាស់ពូជត្រី បង្កង និងកង្កែប ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់អ្នកចិញ្ចឹមក្នុងខេត្ត និងទូទាំងប្រទេស សំដៅបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មត្រីទឹកសាប ទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងឈានជាជំហានៗ ឆ្ពោះទៅធ្វើការផលិតឲ្យស្របតាមលក្ខខណ្ឌ តម្រូវទាំងផ្នែកបច្ចេកទេស និងនិតិវិធីច្បាប់ ក្នុងគោលដៅចុងក្រោយ គឺធ្វើការនាំចេញ ។

មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌល នឹងធ្វើការពង្រីកសក្តានុពលផលិតកូនត្រី ឱ្យបានគ្រប់គ្រាន់ តាមសេចក្តីត្រូវការ និងបន្តពង្រីកការងារផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មទំនើប ទាន់សម័យ ទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូនដល់អ្នកចិញ្ចឹម។ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ផលនេសាទទឹកសាបសម្រេចបាន៖ (១) ដាយត្រីបានចំនួន ១,៥០០តោន (២) នេសាទគ្រួសារក្នុងដែននេ សាទអនុវត្តបានចំនួន ១៣២,៩៥០តោន ស្មើនឹង ៣៨,៥% នៃផែនការ (៣) នេសាទគ្រួសារតាមវាលស្រែអនុវត្ត បានចំនួន ៣០,៧៨០ តោន ស្មើនឹង ២១% នៃផែនការ នេសាទសមុទ្រអនុវត្តបានចំនួន ៥៧,១៦០តោន ស្មើនឹង ៥២% នៃផែនការ។

បច្ចុប្បន្ននេះ ចំនួនគ្រួសារធ្វើវារីវប្បកម្មសរុបទូទាំងប្រទេសមានចំនួន ៤៦,០០០គ្រួសារ។ ក្នុងនោះ គ្រួសារសរុប ដែលធ្វើវារីវប្បកម្មវារីសត្វក្នុងស្រះមានចំនួន ៤១,៩៣៩គ្រួសារ ស្មើនឹង ៩០%។ រីឯ ចំនួនគ្រួសារ ដែលធ្វើវារីវប្បកម្មវារីសត្វនៅក្នុងបែមានចំនួន ៤,០៦១គ្រួសារ ស្មើនឹង ១០%។ ទន្ទឹមនឹងនេះ ក្រសួងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ បង្ក្រាបបទល្មើសជលផល ដោយសម្រេចបាន ៣,១០១ករណី ប្រៀបធៀបឆ្នាំមុន ថយចុះចំនួន ១០៣ករណី ។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថាតាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផលឆ្នាំ២០១៥ -២០២៤និងផែនការយុទ្ធសាស្ត្រជាតិអភិ វឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០ កន្លងមករដ្ឋបាលជលផលមានក្តីសង្ឃឹមថានៅឆ្នាំ ២០២៤ កម្ពុជាអាចផ្គត់ផ្គង់ផលជលផលតាមរយៈការធ្វើវារីវប្បកម្មប្រមាណ ជា ៧៤០ ០០០ តោន ដែលមានកំណើន ជាមធ្យម ២០% ជារៀងរាល់ឆ្នាំ ៕ធ.ដ


អត្ថបទទាក់ទង