ព័ត៌មានទាន់ហេតុការណ៍

អភិបាលខេត្តមណ្ឌលគិរី បញ្ជាឲ្យផ្ទៀងផ្ទាត់ និងដកហូតដីចម្ការស្រល់ត្រឡប់មកវិញ
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

មណ្ឌលគិរី៖ ក្រោយពីសង្កេតឃើញអំពីផ្ទៃដីចម្ការស្រល់ និងដីព្រៃរបស់រដ្ឋ រងនូវការបោះបង្គោលហុំមព័ន្ធ ផ្ទេរឈ្មោះពីម្នាក់ទៅម្នាក់ កាលពីពេលកន្លងមក អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាអោយមន្ត្រីជំនាញសើររើផ្ទៀងផ្ទាត់ឡើងវិញ និងដកហូតដីទាំងនោះមកវិញ។ ការប្រកាសបញ្ជាដោយផ្ទាល់ពីសំណាក់អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង នេះធ្វើឡើងគ្រាដែលលោកចុះពិនិត្យតំបន់នោះកាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០២០ អមដោយមន្ត្រីជំនាញជាច្រើនរូបថែមទៀតផង។

អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បានថ្លែងថា ដីចំការស្រល់នេះជាតំបន់ដែលព្រះមហាក្សត្រ ធ្លាប់យាងមកប្រារព្ធពិធីរុក្ខទិវា ក្នុងឆ្នាំ២០០៤ ខណៈដែលអាជ្ញាធរកំពុងជំរុញឲ្យចុះបញ្ជីដីនេះជាសម្បត្តិរដ្ឋ ហើយក្នុង ដំណើរការចុះបញ្ជីក៏ពិនិត្យឃើញមានការពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋមួយចំនួន ដែលចំណុចនេះអាជ្ញាធរនឹងដោះ ស្រាយតាមបែបបទរដ្ឋបាល ដើម្បីឈានដល់ការដកហូតតំបន់ដីចំការស្រល់ទាំងនេះមកវិញ ។ អភិបាលខេត្តមណ្ឌលគិរី បន្តទៀតថាទោះជាយ៉ាងណានៅមិនទាន់ដឹងអំពីទំហំនៃផលប៉ះពាល់នៅឡើយទេ ដោយមន្ត្រីជំនាញកំពុងធ្វើការងារនេះ។

លោក ស្វាយ សំអ៊ាង ថ្លែងទៀតថា តំបន់ចំការស្រល់ដែលមន្ត្រីជំនាញចុះបញ្ជីជាសម្បត្តិរដ្ឋ នឹងដាំដើមស្រល់ ដែលបាត់បង់ឡើងវិញ ដើម្បីក្លាយទៅជាគោលដៅដ៏ស្រស់ស្អាតទាក់ទាញភ្ញៀទេសចរណ៍ ព្រោះតែទីនេះមានសក្តានុពល ទេសចរណ៍ស្រាប់តែម្ដង។ លោកបញ្ជាក់ថាក្រុមការងារនឹងពិនិត្យលើលិខិតកាន់កាប់របស់ប្រជាពលរដ្ឋ កន្លែងណាមាន លិខិតកាន់កាប់ស្របច្បាប់នឹងដោះស្រាយតាមនីតិវិធី កន្លែងដែលកាន់កាប់ខុសច្បាប់គឺដកហូតតែម្ដង។

សូមបញ្ជាក់ថា បើតាមមន្ត្រីជំនាញបានអះអាង តំបន់ចំការស្រល់ដែលរងផលប៉ះពាល់ក្នុងការកាន់កាប់មិនប្រកតី គឺលាតសន្ធឹងក្នុងសង្កាត់ស្ពានមានជ័យ និងសង្កាត់រមនា ក្រុងសែនមនោរម្យ។ ហើយបើតាមប្រភពច្បាស់លាស់សុំមិន បញ្ចេញអត្តសញ្ញាណបង្ហើបថា ដីជាច្រើនដែលជាន់ជាមួយដីរបស់រដ្ឋ គឺជាកម្មសិទ្ធិរបស់អ្នកមកពីបណ្ដាខេត្តផ្សេង ដែល ពួកគាត់ជឿលើការអូសទាញរបស់ក្រុមអ្នករកស៊ីគួកជេដីក្នុងខេត្តមណ្ឌលគិរី ឲ្យទិញដីទាំងអស់នោះដើម្បីចំណេញនៅថ្ងៃ ក្រោយ ហើយក្នុងករណីនេះដែរក៏មានការគប់គិតពីមន្ត្រីមូលដ្ឋានថ្នាក់ក្រោម បានឯកភាពលើការផ្ទេរសិទ្ធិ និងកាន់កាប់ ទើបធ្វើឲ្យកើតមានករណីបែបនេះ ។

មជ្ឈដ្ឋានជាច្រើនក្នុងខេត្តមណ្ឌលគិរី ក៏សំណូមពរឲ្យមានការដោះស្រាយសមស្រប និងចាន់វិធានការលើអ្នក ពាក់ព័ន្ធក្នុងការករណីនេះតាមផ្លូវច្បាប់ ដើម្បីធានាឲ្យបាននូវសម្បត្តិសាធារណៈ របស់រដ្ឋជាច្រើនផ្សេងទៀតក្នុងខេត្តមណ្ឌលគិរី៕ ដោយ៖ សាត ចាន់បុត្រ