ព័ត៌មានទាន់ហេតុការណ៍

ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង ជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសំពៅលូន បាននាំយកទៀនចំណាំព្រះវស្សាព្រមទាំងទេយ្យ-ទានទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់វត្តសែនឧត្តសាមគ្គី ក្នុងឃុំសន្តិភាព ស្រុកសំពៅលូន
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

ឯ.ឧ អ៊ុយ សុធាវី ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកសំពៅលូន និងជាអភិបាលរងខេត្តបាត់ដំបង តំណាងឯ.ឧ ងួន រតនៈ អភិបា លខេត្តបាត់ដំបង បានដឹកនាំប្រតិភូមួយក្រុម និងអមដំណើរដោយអស់លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក  អភិបាលស្រុក  មន្ត្រីសាលាស្រុក និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ជាពិសេសកងកម្លាំងទាំង៣ប្រភេទ បាននាំយកទៀនចំណាំព្រះវស្សា រួមនិងទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមវត្តសែនឧត្តមសាមគ្គី ស្ថិតក្នុងឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ពិធីបុណ្យចូលព្រះវស្សាសម្រាប់ឆ្នាំនេះ គឺនិងនៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ។ ពិធីបុណ្យចូលព្រះវស្សា និងកំណត់ចូល តាមកាលវេលានៃពុទ្ធកំណត់តរៀងមក។បើតាមទំនៀមទម្លាប់នៃពិធីបុណ្យចូលព្រះវស្សាគឺ៖មានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោចខែអាសាឍ ហើយនិងត្រូវបញ្ចប់ចេញព្រះវស្សានៅថ្ងៃទី១៥រោចខែកក្តិក។ នៅក្នុងអំឡុងចូលព្រះវស្សា តាមពុទ្ធវិន័យបានកំណត់ថា៖ ព្រះសង្ឃត្រូវគង់ចាំត្រីមាស នៅក្នុងទីអារាម មិនអាចគង់ក្រៅវត្តបានឡើយ។

ដោយហេតុនេះហើយ ទើបបងប្អូនដែលជាប្រជាពុទ្ធបរិស័ទ ប្រកាន់ខ្ជាប់នាំយកទៀនចំណាំព្រះវស្សា និង ទេយ្យទាន-ទេយ្យវត្ថុ ដើម្បីយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សានៅក្នុងទីអារាម អស់កាលត្រីមាស ស្របទៅតាមលំអានក្នុងការប្រតិបត្តិនូវពុទ្ធវិន័យ និងតាមទំនៀមទម្លាប់ ពីបរមបុរាណតរៀងរហូតមក៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )