ព័ត៌មានទាន់ហេតុការណ៍

មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿង ដោយសាររលកខ្លាំងវាយផ្ទប់ទូកឲ្យជាប់គឿងនឹងថ្ម នៅជិតកោះថាស ត្រូវបានជួសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

ខេត្តព្រះសីហនុ៖ មនុស្ស៥នាក់ ដែលជាប់លើទូក២គ្រឿង ដោយសាររលកខ្លាំងវាយផ្ទប់ទូកឲ្យជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩ មិថុនា២០២០ ត្រូវបានជួសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប័រល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាក និងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៏ត្រូវរលកសមុទ្រវាយពន្លិចគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់៕ ដោយ៖ យានជៀប


អត្ថបទទាក់ទង