ព័ត៌មានទាន់ហេតុការណ៍

ការស្តារប្រឡាយធ្វើផ្លូវបើកកាណូទូកនៅក្នុងភូមិឆ្នុកទ្រូ លោកមេឃុំ ឆ្នុកទ្រូ អះអាងថា នឹងធ្វើឲ្យហើយមុនទឹកទន្លេឡើង ដើម្បីឲ្យទូកកាណូតប្រជាពលរដ្ឋបានបើកចូលមកទុកជិតភូមិដ្ឋាន
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរនៅផ្សារមាត់កំពង់ភូមិឆ្នុក ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានសំដែងការបារម្ភប្រាប់អ្នកយកព័ត៌មានយើងថា៖ ការស្ដារប្រឡាយធ្វើផ្លូវសម្រាប់បើកទូកកាណូតរបស់អាជ្ញាធរឃុំឆ្នុកទ្រូ ពីផ្សារមាត់កំពង់ភូមិឆ្នុកទ្រូ ទៅកាន់ភូមិឆ្នុកទ្រូថ្មីដែលមានប្រវែងប្រមាណ១៥០០ម៉ែត្រ មកដល់ពេលនេះ ធ្វើបានច្រើនហើយប៉ុន្តែមិនដឹងថា មុនពេលទឹកទន្លេឡើងមកក្នុងពេលឆាប់នេះអាចធ្វើរួចឬទេ បើធ្វើមិនរួចទេនោះគឺពួកគាត់ពិតជាយ៉ាប់ទៀតហើយ ដោយមិនអាចបើកទូកកាណូតរបស់គាត់ទៅទុកដាក់ជិតភូមិដ្ឋានថ្មីបានឡើង  ព្រោះកន្លងមកពេញមួយឆ្នាំហើយ ដែលពួកគាត់បានទុកទូកកាណូតចោលនៅផ្សារមាត់កំពង់មាត់ទន្លេ ឆ្ងាយពីភូមិកំពុងរស់នៅ ។

ដូច្នេះពួកគាត់សុំសំណូមពរយ៉ាងតូចដល់លោកឃុំឆ្នុកទ្រូ មេត្តាជួយពន្លឿនការស្ដារប្រឡាយទឹកនេះអោយបានរួចរាល់ទាន់រដូវទឹកទន្លេឡើង ដើម្បីអោយប្រជាពលរដ្ឋបានបើកទូកកាណូត មកទុកដាក់នៅជិតភូមិដ្ឋានពួកគាត់ផងចុះ ដើម្បីកុំអោយមានការបាត់បង់ ឬលិចទឹកបាត់នៅក្នុងរដូវទឹកឡើង។

ទាក់ទងនឹងក្តីព្រួយបារម្ភនេះ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បាននិយាយអោយដឹងថា៖ ការពិតការស្តារប្រឡាយសំរាប់ធ្វើផ្លូវទឹកខាងលើនេះ គឺធ្វើបាន៨៥%ហើយ សព្វថ្ងៃក្រុមហ៊ុនគីរីឧត្តម ដែលជាអ្នកជួយស្តារប្រឡាយនេះ បានទប់ទំនប់តូចដោយកន្លែង ដើម្បីទប់ទឹកកុំឲ្យភ្លៀងហូរចូលកន្លែងដែលកំពុងកកាយអាចម៌ដី ដើម្បីអោយគ្រឿងចក្រកកាយដីស្តារប្រឡាយបានស្រួលដឹកជញ្ជូនដីចេញតែប៉ុណ្ណោះ ។

ដូច្នេះបើទឹកទន្លេឡើងចូលមកគ្រឿងចក្រ សំរុកកកាយទំនប់តូចៗនោះចោលតែ២,៣ថ្ងៃគឺនឹងរួចរាល់ហើយ  ដែលអាចឲ្យទូកកាណូតប្រជាពលរដ្ឋបើកចូលមកពីទន្លេតាមផ្លូវប្រឡាយនេះ ដើម្បីទុកដាក់ទូកគាណូតជិតភូមិបានហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភអី ។

លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ឲ្យដឹងទៀតថា៖ ប្រឡាយដែលកំពុងស្តារជារៀងរាល់ថ្ងៃនេះ មានប្រវែងប្រមាណ ១៤០០ម៉ែត្រ  មាត់លើមានប្រវែង៥០ម៉ែត្រ បាតក្រោមមានប្រវែង២០ម៉ែត្រ និងជំរៅមានប្រវែងពី៦ទៅ៨ម៉ែត្រ  ដើម្បីជួយសម្រួលក្នុងការធ្វើចរាចរណ៍តាមផ្លូវទឹគនៅក្នុងមូលដ្ឋាន ដែលក្រុមហ៊ុនគីរីឧត្តមជាដៃគូអភិវឌ្ឍន៍របស់ឃុំ ជាអ្នកជួយស្តារប្រឡាយនេះ ៕ ដោយ៖ សុក្ខារិន