ព័ត៌មានទាន់ហេតុការណ៍

រោងចក្រផលិតថាមពលអគ្គិសនីមួយប្រើធ្យូងថ្ម គ្រោងសាងសង់លើនៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ថ្ងៃ អង្គារ ទី ៣០ ខែ មិថុនា ឆ្នាំ ២០២០

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការធ្វើបទបង្ហាញអំពីលទ្ធផលសិក្សាសង្ខេបលើគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីប្រើធ្យូងថ្ម របស់ក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊េីន អេន ឌីវេឡុបមេន មានអនុភាព ២x៣៥០ មេហ្គាវ៉ាត់ គ្រោងសាងសង់លើផ្ទៃដី ៥៤,៩ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានបង្ហាញការស្វាគមន៍ចូលរួមសហការ ដើម្បីឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅស្រុកស្ទឹងហាវ ប្រកបដោយរលូន។ តែយ៉ាងណា លោក ឈិន សេងងួន បានធ្វើការណែនាំដូចជា៖
១.ការសាងសង់ស្ពានជញ្ជូនធ្យូងថ្មដើម្បីផ្គត់ផ្គង់រោងចក្រ
២.រៀបចំទីតាំងស្តុកធ្យូងថ្ម ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់បរិស្ថាន
៣.ក្រុមហ៊ុនត្រូវអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា
៤.សិក្សាពីសុខមាលភាពប្រជាពលរដ្ឋ ដែលរស់នៅលើគម្រោងសាងសង់រោងចក្រផលិតធ្យូងថ្ម ដើម្បីការពារផលប្រយោជន៍សុខភាពសាធារណៈក្នុងខេត្តព្រះសីហនុ។

តំណាងក្រុមហ៊ុន អេស ប៊ី ខេ រ៉ីស៊េីន អេន ឌីវេឡុមមេន បានឱ្យដឹងថា ក្រុមហ៊ុនបានទទួលសិទ្ធិសាងសង់រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម មានអនុភាព ២x៣៥០មេហ្គាវ៉ាត់ នៅឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានធ្វើបទបង្ហាញចំណុចនិយាមកាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោង ផលប៉ះពាល់ និងការដោះស្រាយមួយចំនួនក្នុងដំណាក់កាលប្រតិបត្តិគម្រោងរួមទាំងការគិតគូរអំពីសុវត្ថិភាពការងារផងដែរ។

គម្រោងរោងចក្រផលិតអគ្គិសនីធ្យូងថ្មកម្លាំង ២x៣៥០MW ផ្តល់ផលប្រយោជន៍ដូចជា ផ្តល់ការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសជិតខាងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ហើយគម្រោងសាងសង់នេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ ២០២២៕


អត្ថបទទាក់ទង