ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អញ្ជើញប្រារព្ធពិធីសូត្រមន្ត ឡើង អគារ វិមាន៧មករា ដែលជាទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
ថ្ងៃ អាទិត្យ ទី ២៨ ខែ មិថុនា ឆ្នាំ ២០២០

ភ្នំពេញ៖ សមិទ្ធិផលថ្មី គឺអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលប្រសិទ្ធនាមថា វិមាន៧មករា គឺជា អគារដ៏ធំស្កឹមស្កៃនៅចំកណ្តាលរាជធានីភ្នំពេញ ពោពេញដោយប្រណិតភាព ក្នុងយុគ្គសម័យនៃការអភិវឌ្ឍដ៏រុងរឿងនេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងត្រូវបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រោសព្រំប្រសិទ្ធពរជ័យ ដាក់ឱ្យ ដំណើរការជាផ្លូវការ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន កិត្តិយសគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងសមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀត ។

សូមបញ្ជាក់ថា អគារថ្មី នៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបានសាងសង់រួចរាល់ក្នុងខែមិថុនា ឆ្នាំ២០២០នេះ។ វត្តមានថ្មី នៃអគារទីស្នាក់ការ កណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាកន្លែងប្រតិបត្តិការងារដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល និងទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជនកម្ពុជា។

យោងតាមរបាយការណ៍សាងសង់បានឱ្យដឹងថា អគារនេះ មានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ម៉ែត្រ។ កម្ពស់អគារ គិតពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រមានកម្ពស់ ៤៨ម៉ែត្រ ។ ជាន់ផ្ទាល់ដី មានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លាមុខអគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។ នៅជាន់លើ គឺមានសាលសម្រាប់ ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួនប្រមាណជា ១ម៉ឺននាក់។ អគារនេះមានកម្ពស់ ៥ជាន់ ដោយមានសាល បដិសណ្ឋារកិច្ច មានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា អាចដាក់មនុស្សអង្គុយបានជាង ៤,០០០នាក់, មាន អាហារដ្ឋាននៅផ្នែកខាងត្បូងអគារ ដែលអាចដាក់មនុស្សបានចំនួន ១២០នាក់ក្នុងមួយពេល ។

អគារនេះ មានបន្ទប់សោតទស្សន៍, បន្ទប់កាត់សក់, បន្ទប់រដ្ឋបាល, បន្ទប់សម្រាប់ជនពិការ, បន្ទប់ឃ្លាំង, បន្ទប់សម្រាប់ កងការពារ, បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ, មានការិយាល័យសម្រាប់សម្រាក និងការិយាល័យ សម្រាប់សម្ដេចប្រធានកិត្តិយស, ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍, ការិយាល័យដែលជាសាលសមាជិក អចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ ។ អគារនេះ ក៏មានសាលលៀងសាយភោជន៍ដាក់មនុស្សបាន១៥០នាក់ និង បន្ទប់រៀបចំអាហារ ។ នៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤នាក់ មាន ទីសម្រាកនៅសងខាង ដែលអាចដាក់មនុស្សបាន ៣,៤៧០នាក់ផងដែរ ។

អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និង មានភាពល្អប្រណិត ។ ពីខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូប នៃភាពស្មោះស បរិសុទ្ធសម្រាប់ជាតិ និងប្រជាជន ។

ស្ថាបត្យករសាងសង់អគារនេះ បានគូសបញ្ជាក់ថា អគារត្រូវបានសាងសង់ឡើងក្រោមរចនាបថថ្មី ហៅថា រចនាបថរួម សម័យ ដោយសារមានរចនាបទ ៣រួមចូលគ្នា។ រចនាបទទាំង៣នោះរួមមាន៖ ទី១-រចនាបថប្រាសាទអង្គរវត្ត, ទី២- រចនាបថបន្ទាយស្រី និងទី៣-រចនាបថកណ្ដាល ។ វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាត នៃអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។

អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលរំលេចខ្លួនកណ្តាលរាជធានីភ្នំពេញ ជាការ ឆ្លុះបង្ហាញឱ្យឃើញពី អានុភាព ក៏ដូចជាភាពមហស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសម្រេចបាននូវសមិទ្ធផលធំៗគួរជាទី មោទនៈ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីក្រោយរំដោះប្រទេស ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។ វត្តមានអគារដ៏ស្កឹមស្កៃនៃអគារក៏ជាការបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូប នៃការរួបរួមសាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគតកាល ។

គួរម្លឹកដែរថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១។ គណបក្សនេះ បាន ក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍ សម្រាប់ជាតិកម្ពុជា ។ ចាប់តាំងពីចាប់បដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជន ផ្សាភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។

ក្នុងកាលៈទេសៈដែលប្រទេសជាតិ ត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោក ឈរតស៊ូ ហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និង ដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។

ចាប់តាំងពីពេលវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍មក គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចធម្មពោធិ៍សាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនោះ បាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិប តេយ្យ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ដែលត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

បន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើជាកម្លាំងស្នូលក្នុងការដំណើរការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ច ព្រមព្រៀងក្រុងប៉ារីស ស្ដីពីដំណោះស្រាយនយោបាយបញ្ហាកម្ពុជា នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងជាកម្លាំងបង្អែក ដែលមិនអាចខ្វះបានក្នុងការអនុវត្តដោយជោគជ័យ នូវកិច្ចព្រមព្រៀង ឈានទៅការបង្កើតរបបរាជានិយមថ្មី ។

របបរាជានិយមទី២ ដែលដឹកនាំដោយរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងបង្រួបបង្រួម ជាតិ ដឹកនាំស្ដារ និងកសាងសេដ្ឋកិច្ចសង្គមឡើងវិញពីលេខសូន្យ ធ្វើឲ្យគ្រប់វិស័យបានរស់ឡើងវិញ និងមានស្ថិរភាពជា ជំហានៗ ដែលបានបង្កបុព្វបទជាមូលដ្ឋានសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿន គួជាទីមោទនៈ មកដល់បច្ចុប្បន្ន ៕ធ.ដ