ព័ត៌មានទាន់ហេតុការណ៍

វិមាន៧មករា នឹងធ្វើពិធីសូត្រមន្ត ឡើងចំថ្ងៃខួបកំណើត គណបក្សប្រជាជនកម្ពុជា
ថ្ងៃ សៅរ៏ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្តឡើងវិមាន៧មករា ទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញនៅរសៀលថ្ងៃស្អែកទី២៨ ខែមិថុនា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថាវិមានដ៏ធំស្កឹមស្កៃនេះ គឺបង្ហាញពីសាមគ្គីភាពជោគជ័យត្រចះត្រចង់ និងបារមីរឹងមាំនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ធំជាងគេបំផុតនៅក្នុងប្រទេស ដែលតែងតែទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអោយបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខ។

សម្តេចតេជោ ហ៊ុន សែន អរគុណសន្តិភាព និងអរគុណសមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមក្នុងការកសាងប្រទេសជាតិ មានសុខសន្តិភាពនិងរីកចម្រើនមកទល់សព្វថ្ងៃ។ ជាមួយនេះក្នុងឱកាសរម្លឹកខួប៦៩ឆ្នាំ នៃការចាប់បដិសន្ធិគណបក្សប្រជាជនកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលេចសារសំខាន់២យ៉ាងគឺ ភាពលំបាកដែលគណបក្សបានជួបប្រទះ និងសមិទ្ធផលរបស់ប្រទេសជាតិដែលគណបក្ស បានចូលរួមកសាងដោយគិតចាប់តាំងពីក្រោយរបបខ្មែរក្រហមដួលរលំមក។

ក្នុងសារផ្ញើជូនជនរួមរួមជាតិ និងសមាជិក-សមាជិការ គណបក្សខ្លួនសម្តេចនាយករដ្ឋមន្ត្រី សរសេរថារយៈពេល៤១ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ដោយឆ្លងកាត់ឧបសគ្គ និងការលំបាករាប់មិនអស់ និងសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនចាប់តាំងពីដំណាកាលសង្គ្រោះប្រទេសជាតិពីរបបខ្មែរក្រហម ហើយបានធ្វើឲ្យប្រជាជាតិរស់ឡើងវិញរហូតដល់ទទួលបានសន្តិភាពជាមួយនឹងការឈានទៅមុខប្រកបដោយការអភិវឌ្ឍ។

លើសពីនេះប្រធានគណបក្សកាន់អំណាច រូបនេះអះអាងថាចាប់តាំងពីការកកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកគណបក្សខ្លួនបានប្រកាន់ភ្ជាប់នូវគោលបំណង គឺប្រមូលផ្តុំកម្លាំងគ្រប់ប្រជាជាតិកម្ពុជាដើម្បីរំដោះប្រជាជាតិឲ្យរួចផុតពីការឈ្លានពានការត្រួតត្រា និងការជិះជាន់ហើយកសាងប្រទេសមួយដែលមានឯករាជ្យសន្តិភាពសេរីភាពប្រជាធិបតេយ្យអព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គួរម្លឹកថាដោយសារជំងឺកូវីដ-១៩នៅថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ គណបក្សប្រជាជនកម្ពុជាមិនបានរៀបចំពិធីរម្លឹកខួប៦៩ឆ្នាំដូចរាល់ឆ្នាំឡើយ៕ធ.ដ


អត្ថបទទាក់ទង