ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកនេះ
ថ្ងៃ សុក្រ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ នៅវិមានសន្តិភាព ។

អញ្ជើញអមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មួយចំនួនទៀតផងដែរ ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូនេះ ថ្នាក់ដឹកនាំ នឹងផ្តោតការយកចិត្តទុក ដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គម ក្រោយជំងឺកូវីដ-១៩, វិធី និងមធ្យោបាយនានា ដើម្បីសម្រេច បាននូវចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក។

ស្របពេលជាមួយកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ ផ្សេង ទៀតដូចជា៖ សម័យប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៦ ស្តីពីការលើកកម្ពស់តួនាទីស្រ្តី ក្នុងយុគសម័យឌីជីថល, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយ តំណាងអន្តរសភាអាស៊ាន, កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន និងកិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ាន ជាមួយតំណាងក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន ៕


អត្ថបទទាក់ទង