ព័ត៌មានទាន់ហេតុការណ៍
 1. វីរុស COVID-19 រាតត្បាតដល់២១៣ប្រទេសនៅទូទាំងពិភពលោក ខណៈអ្នកឆ្លងកើនជិត៥.៧លាននាក់ ក្នុងនោះស្លាប់ជាង៣៥ម៉ឺននាក់ និងជាសះស្បើយជាង២.៤លាននាក់  2. សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋទីម័រខាងកើត ទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ  3. រាជរដ្ឋាភិបាលកម្ពុជា៖ អនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំទាក់ទ្រាំង  4. ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានព្រមានស្នងការរាជធានី-ខេត្ត ទាំងអស់មិនត្រូវដាក់បារ៉ាស់ នៅតាមដងផ្លូវទៀតនោះទេ  5. ក្រសួងអប់រំ អនុញ្ញាតឲ្យសហព័ន្ធកីឡាជាតិ ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺន និងប្រកួតលីគឡើងវិញជាជំហានៗ

មេឃុំឫស្សីជ្រោយ ត្រូវពលរដ្ឋប្តឹងរឿងលួចចាក់ដី និងសាងសង់សំណង់ទាំងបំពានលើដីដែលមានដីការក្សាការពាររបស់តុលាការ
ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ មេសា ឆ្នាំ ២០២០

(កណ្ដាល)៖ ពលរដ្ឋម្នាក់បានដាក់ពាក្យប្តឹងសុំអន្តរាគមន៍ពីលោកអភិបាលស្រុកមុខកំពូល បន្ទាប់ពីលោក អ៊ុ ឈុនស្រេង មេឃុំឫស្សីជ្រោយ បានធ្វើសកម្មភាពចាក់ដី និងបុកគ្រឹះសាងសង់សំណង់រំលោភលើដីដែលកំពុងមានដីការក្សាការពាររបស់តុលាការ។

ដើមបណ្ដឹងមានឈ្មោះ នាង ភិរិន្ទ ភេទប្រុស អាយុ ៦៣ឆ្នាំ បានរៀបរាប់ថា ដីទំហំជាង ៥០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល លោកបានទិញពីឈ្មោះ វ័ន សំអុល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដោយមានលិខិតទិញលក់ និងលិខិតផ្ទេរកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់។

ដោយសារដីខាងលើនោះ មានប្រជាពលរដ្ឋមួយចំនួនបានអះអាងថា ជារបស់ពួកគេមួយផ្នែក (ខាងមុខប៉ែកខាងលិច) ទើបដើមបណ្ដឹងឈ្មោះ នាង ភិរិន្ទ បានដាក់ពាក្យប្តឹងសុំដីការក្សាការពារដីនោះទុកជាបណ្ដោះអាសន្នរងចាំដោះស្រាយគ្នាតាមផ្លូវតុលាការ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ លោក ងួន វុទ្ធី ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានចេញដីការក្សាការពារដីនោះ ជាបណ្ដោះអាសន្ន និងបានអនុវត្តដីការក្សាការពារដីនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

ក្រោយមកនៅចុងឆ្នាំ២០១៩ មានលោក អ៊ុ ឈុនស្រេង ជាមេឃុំឫស្សីជ្រោយ បានដាក់គ្រឿងចក្រ ឈូសឆាយ និងចាក់អាចម៍ដីលុប លើដីរបស់ដើមបណ្ដឹងឈ្មោះ នាង ភិរិន្ទ ដែលកំពុងមានដីការក្សាការពាររបស់តុលាការទាំងបំពានច្បាប់។

នៅពេលថ្មីៗនេះ ឈ្មោះ អ៊ុ ឈុនស្រេង ជាមេឃុំឫស្សីជ្រោយ បានដាក់គ្រឿងចក្របុកគ្រឹះសាងសង់សំណង់ដោយខុសច្បាប់ និងបំពានសិទ្ធិម្ចាស់ដី និងបំពានដីការក្សាការពាររបស់តុលាការថែមទៀតផង។

ដោយសារទង្វើបំពានច្បាប់របស់លោក អ៊ុ ឈុនស្រេង បែបនេះទើបដើមបណ្ដឹងសម្រេចដាក់ពាក្យសុំអន្តរាគមន៍ទៅលោកអភិបាលស្រុកមុខកំពូលដើម្បីជួយចុះទៅផ្អាកសកម្មភាពរបស់លោក អ៊ុ ឈុនស្រេង ជាបណ្ដោះអាសន្ន រងចាំរឿងនេះដោះស្រាយគ្នានៅតុលាការចប់សិន។

ពាក់ព័ន្ធករណីនេះ លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា «ដីនោះ មានដីការក្សាការពារ របស់តុលាការ ខ្ញុំប្រាប់ទៅមេឃុំឫស្សីជ្រោយហើយថា កុំឲ្យចាក់ដី ឬសាងសង់សំណង់អ្វី រងចាំដោះស្រាយគ្នានៅតុលាការសិន។»

លោកអភិបាលស្រុកមុខកំពូល បញ្ជាក់បន្ថែម «ខ្ញុំ មិនបានអនុញ្ញាតច្បាប់ ឲ្យលោក អ៊ុ ឈុនស្រេង ចាក់ដី ឬសាងសង់សំណង់ លើដីដែលកំពុងមានទំនាស់ និងមានដីការក្សាការពារពីតុលាការនោះទេ។»

ជុំវិញករណីនេះ លោក សូ ផាកុល ប្រធានការិយាល័យភូមិបាលស្រុកមុខកំពូលប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា «ទោះលោក អ៊ុ ឈុនស្រេង សុំច្បាប់សាងសង់ ក៏ខ្ញុំមិនចេញឲ្យដែរព្រោះ ដីនោះមានដីការក្សាការពាររបស់តុលាការ។ កន្លងមកអាជ្ញាធរ ជំនាញហាមឃាត់លោក អ៊ុ ឈុនស្រេង មេឃុំឫស្សីជ្រោយ យ៉ាងម៉េចក៏មិនស្ដាប់ដែរ។»

អ្នកសារព័ត៌មាន នៅពុំទាន់អាច សុំការបំភ្លឺករណីនេះ ពីលោក អ៊ុ ឈុនស្រេង មេឃុំឫស្សីជ្រោយ បាននៅឡើយទេ ដោយសារលេខទូរស័ព្ទរបស់លោកហៅចូល ប៉ុន្តែគ្មានអ្នកទទួល៕